ការកើនឡើងនៃអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសជប៉ុន កំពុងធ្វើឱ្យមន្ទីរពេទ្យមានការព្រួយបារម្ភពីកង្វះគ្រែសម្រាកព្យាបាល
មន្ទីរពេទ្យនៅទូទាំងប្រទេសជប៉ុនកំពុងស្ថិតក្នុងស្ថានភាពតានតឹង ដោយសារការកើនឡើងនៃករណីជំងឺឆ្លង COVID-19 ។ ក្រសួងសុខាភិបាលបាននិយាយថា គិតត្រឹមថ្ងៃពុធមានអ្នកជំងឺសរុប ៧ ៨២៦ នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺ COVID-19 នៅមន្ទីរពេទ្យ។ នោះគឺជាការកើនឡើងជាង ១ ៨០០ ករណី ឬ ៣២% ពីមួយសប្តាហ៍មុន។ អត្រានៃការកាន់កាប់គ្រែនៅមន្ទីរពេទ្យដែលត្រូវបានកំណត់សម្រាប់អ្នកជំងឺឆ្លង បានកើនឡើងនៅក្នុងខេត្តចំនួន ៤០ ក្នុងចំណោមខេត្តទាំង ៤៧ របស់ប្រទេស។

អត្រាខ្ពស់បំផុតគឺមានរហូតដល់ទៅ ៦៨% នៅក្នុងខេត្ត Hyogo បន្ទាប់មកគឺអូសាកា ៥៥% និងហុកកាដូមាន ៤៧%។ ចំនួនតំបន់ដែលមានអត្រាការកាន់កាប់គ្រែនៅមន្ទីរពេទ្យ ២៥% ឬខ្ពស់ជាងនេះ ក៏បានកើនឡើងជាមធ្យមដល់ ១៥ ករណី ដែលជាការកើនឡើងពីចំនួន ៩ ករណី កាលពីសប្តាហ៍មុន។
អត្រានៃការកាន់កាប់ ២៥% ឬច្រើនជាងនេះ គឺជាលក្ខណៈវិនិច្ឆ័យមួយសម្រាប់ការប្រកាសដំណាក់កាលទី៣ នៃភាពអាសន្ន ដែលជាកម្រិតខ្ពស់បំផុតទី២ លើប្រព័ន្ធប្រកាសអាសន្ន ៤ថ្នាក់ ដែលកំណត់ដោយក្រុមប្រឹក្សារដ្ឋរបស់រដ្ឋាភិបាល ដើម្បីវាស់ស្ទង់ភាពតានតឹងនៅតាមមន្ទីរពេទ្យ។ ដំណាក់កាលទី ៣ មានន័យថា ប្រព័ន្ធថែទាំវេជ្ជសាស្ត្រអាចនឹងត្រូវបានរំខានយ៉ាងខ្លាំង៕


អត្ថបទ៖ លីដា
ប្រភព៖ NHK