ដោយសាររកប្រភពចម្លងមិនទាន់ឃើញ សម្ដេចតេជោ ហ៊ុន សែន កំណត់ពេល ១៥ថ្ងៃ ដើម្បីប្រយុទ្ធជាមួយកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»
ដោយសាររកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ទៅលើស្រ្តីម្នាក់ដែលត្រូវបានរកឃើញថាមានផ្ទុកវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ មិនទាន់ឃើញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសប្រើពេលវេលា ១៥ថ្ងៃក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ ក្រោយផ្ទុះព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»។ ថ្លែងចេញពីខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីប្រយុទ្ធបានជោគជ័យក្នុងរយៈពេល ១៥ថ្ងៃនេះ មិនអាចពឹងតែលើរាជរដ្ឋាភិបាល និងអាជ្ញាធរនោះទេ គឺត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះយោងតាមការដកស្រង់ចេញពីសារព័ត៌មាន freshnews សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ព្រឹត្តិការណ៍ «សហគម ន៍ ២៨វិច្ឆិកា» គឺជាដំណាក់កាលសាកល្បងដ៏ធំបំផុតរបស់កម្ពុជា ដែលសម្ដេចបានបង្ហាញនូវជំនឿជឿជាក់ថា ប្រជាពលរដ្ឋនឹងចូលរួមទាំងអស់គ្នា ពិសេសអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ឥលូវនេះយើងអាចនិយាយបានថា យើងគ្រប់គ្រងបានឬមិនបាន ស្ថិតក្នុងរយៈពេល១៥ថ្ងៃខាងមុខ ហើយ១៥ថ្ងៃខាងមុខ វាចំណុះទាំងស្រុងលើការខិតខំរបស់យើងទាំងរដ្ឋ និងប្រជាជន។ ចឹងខ្ញុំសូមអំពាវនាវ១៥ថ្ងៃខាងមុខនេះ (រាប់ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា) ជាដំណាក់កាលសាកល្បងដ៏ធំបំផុតរបស់កម្ពុជា ឆ្លងរួច ឬមិនរួចគឺនៅពេលហ្នឹងឯង បើប្រឹងតែរដ្ឋប្រជាពលរដ្ឋមិនប្រឹងទេ មិនចូលរួមទេ មិនជោគជ័យទេ ប៉ុន្ដែខ្ញុំមានជំនឿថាប្រជាពលរដ្ឋនឹងចូលរួម»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា អះអាងទៀតថា ការគ្រប់គ្រងបាន ឬមិនបាន មិនចំណុះលើជំងឺកូវីដ-១៩នោះទេ ពោលចំណុះលើយើងទាំងអស់គ្នាតែម្ដង។ សម្ដេចបានសង្កត់ធ្ងន់ថា មនុស្សយើងទាំងអស់គ្នា អាចភ្លេចកូវីដ និងអាចស្អប់កូវីដ ប៉ុន្ដែកូវីដមិនដែលស្អប់មនុស្ស ឬភ្លេចមនុស្សនោះទេ។ គួរជម្រាបថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីមួយចំនួនថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្រិការណ៍ «សហគមន៍២៨វិច្ឆិកា» ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍នេះកើនឡើនដល់ ១៤នាក់៕


