ទៀតហើយ! ស្ត្រីចំណាស់ម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារតែឡានធំបើកបរមិនប្រុងប្រយ័ត្ន
រាជធានីភ្នំពេញ ៖ ស្ត្រីអ្នកលក់ផ្កាម្នាក់ ត្រូវបានរថយន្តដឹកខ្សាច់ធុនធំ បើកបុកពីក្រោយដួលចូលក្រោមកង់រថយន្តកិនទាំងមនុស្សទាំងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ផ្កាប់មុខនឹងថ្នល់លើកដៃដង្ហើយហៅគេឲ្យជួយ រហូតដាច់ខ្យល់ស្លាប់គួរឲ្យអាសូរ បន្ទាប់ពីជិះម៉ូតូគប់មូលមួយគ្រឿង មកពីលក់ផ្កាវិញ ធ្វើដំណើរត្រលប់ទៅផ្ទះ ខណៈពេលបើកម៉ូតូយឺតៗបម្រុងបត់ឆ្វេងត្រលប់ក្រោយ បែរជាត្រូវបានរថយន្តដឹកខ្សាច់បើកមកបុកពីក្រោយបណ្ដាលឲ្យដួល ហើយកិនថែមទៀត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១០:០៥នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចស្តុបច្រមុះជ្រូកក្បាលថ្នល់ ផ្លូវព្រះមុនីវង្ស ទល់មុខស្នាក់ការកាសែតរស្មីកម្ពុជា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ក្រុមការងារខ្មែរណូតដូច្នេះថា ដំបូងឡើយ មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើ បានបើកបរម៉ូតូមួយគ្រឿង ម៉ាកគប់(ស៊េរីចាស់) ពណ៌ទឹកប៉ិចចាស់ ពាក់ស្លាកលេខ ០៩៨៨-កណ១ ដឹកកេសនិងកញ្ច្រែងសម្រាប់ដាក់លក់ផ្កា ដោយធ្វើដំណើរពីកន្លែងលក់ផ្កានៅខណ្ឌទួលគោក ត្រលប់ទៅផ្ទះវិញស្ថិតនៅផ្លូវថៃហ្គ័រ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និងបានធ្វើដំណើរតាមផ្លូវព្រះនរោត្តម រួចបត់តាមផ្លូវព្រះមុនីវង្ស លុះមកដល់ស្តុបច្រមុះជ្រូកក្បាលថ្នល់(កន្លែងកើតហេតុខាងលើ) ក៏បានបើកម៉ូតូយឺតៗ ពីក្រោយរថយន្តនិងម៉ូតូជាច្រើនគ្រឿងទៀត ដែលបើកយឺតៗបត់ត្រលប់ក្រោយបន្តបន្ទាប់គ្នា ឡើងទៅច្បារអំពៅវិញ ស្របពេលនោះក៏មានរថយន្តដឹកខ្សាច់ធុនធំមួយគ្រឿង ម៉ាក Dong Fang ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-0210 បានបើកមកពីក្រោយក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏បានទៅបុកម៉ូតូរបស់ស្ត្រីរងគ្រោះ បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្ត ហើយកិនទាំងមនុស្សទាំងម៉ូតូ បន្ទាប់ពីឃើញសភាពបែបនេះ តៃកុងរថយន្តបង្ក បានបើកទ្វាររថយន្តចុះរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗ រួចបញ្ជូនទៅធ្វើការសាកសួរភ្លាមៗ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមនតែម្ដង ។
តែគួរឲ្យខ្លោចចិត្តយ៉ាងខ្លាំង ខណៈដែលស្ត្រីរងគ្រោះស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរផ្កាប់មុខនឹងថ្នល់ ហើយនៅលើកដៃដង្ហើយហៅគេឲ្យជួយ រហូតដាច់ខ្យល់ស្លាប់គួរឲ្យអាសូរជាទីបំផុត ។ ចំពោះអ្នកបើកបររថយន្ត សមត្ថកិច្ចបានធ្វើតេស្វទឹកនោម មានសាធាតុញៀនក្នុងទឹកនោម ត្រូវបានឃាត់ខ្លួន រងចាំប្រគល់អោយជំនាញចរាចរណ៍ផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ សហការជាមួយជំនាញចរាចរណ៍ខណ្ឌចំការមន បានមកដល់ដើម្បីទំនាក់ទំនងតាមរយះទូរសព្ទ័ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូជនរងគ្រោះ និងរថយន្ត ត្រូវបានសមត្ថកិច្ចវាស់វែង យករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំកសាងសុំណំរឿងចាត់ការតាមច្បាប់ ៕

ដោយ៖ បងម៉េង ខ្មែរណូត