ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    វៀតណាមរកឃើញករណីជំងឺកូវីដ១៩ក្នុងសហគមន៍សារជាថ្មី ក្រោយស្ងាត់បានរយៈពេល ៣ខែ ខណៈមនុស្សជិត ២០០នាក់ កំពុងធ្វើចត្តាឡីស័ក

    BY autoadmin December 1, 2020
    វៀតណាមរកឃើញករណីជំងឺកូវីដ១៩ក្នុងសហគមន៍សារជាថ្មី ក្រោយស្ងាត់បានរយៈពេល ៣ខែ ខណៈមនុស្សជិត ២០០នាក់ កំពុងធ្វើចត្តាឡីស័ក

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider នៅថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងសុខាភិបាលវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ១ កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ហើយវាគឺជាលើកដំបូងក្នុងរយៈពេល ៣ខែ ដែលប្រទេសនេះបានរកឃើញករណីឆ្លងជំងឺនៅក្នុងស្រុក។ អ្នកជំងឺម្នាក់នោះជាអ្នកជំងឺលេខ «១៣៤៧» គឺជាគ្រូបង្រៀនភាសាអង់គ្លេស អាយុ ៣២ឆ្នាំ ហើយជាអ្នករស់នៅសង្កាត់ទី៦ នៃទីក្រុងហូជីមិញ។ គាត់បានឆ្លងជំងឺ COVID-19 ពីមិត្តភក្តិរបស់គាត់ម្នាក់ ដែលជាអ្នកបម្រើការលើយន្តហោះ និងរស់នៅក្នុងផ្ទះតែមួយ។

    ប្រភពដដែលបាននិយាយថា អ្នកបម្រើការលើយន្តហោះម្នាក់នោះ បានត្រឡប់មកប្រទេសវិញនៅថ្ងៃទី១៤ ខែវិច្ឆិកា និងត្រូវបានបញ្ជូនទៅកន្លែងនៅដាច់ដោយឡែក ដែលរៀបចំដោយ Vietnam Airlines នៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី១៤ ដល់ ទី១៨ ។ បន្ទាប់ពីធ្វើតេស្ដ ២ដង ដោយលទ្ធផលចេញមកគឺអវិជ្ជមាន គាត់ក៏ត្រូវបានគេប្រាប់ឱ្យសម្រាកដាច់ដោយឡែកនៅផ្ទះបន្ដទៀត។ ប៉ុន្តែយ៉ាងណាគាត់បានស្និទ្ធស្នាលជាមួយម្ដាយ មិត្ត ២នាក់ រួមទាំងគ្រូអង់គ្លេស ដែលជាករណីក្នុងសហគមន៍ម្នាក់នោះ។ បុគ្គលិកសុខាភិបាលបានកំណត់អត្តសញ្ញាណ និងដាក់មនុស្សយ៉ាងតិច ១៩២ នាក់ ឱ្យនៅដាច់ដោយឡែក ក្នុងនោះមានទាំងអ្នកមានទំនាក់ទំនងផ្ទាល់ និងដោយប្រយោលជាមួយអ្នកជំងឺ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Vietnam Insider

    Share This Post: