ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ជនជាតិថៃចំនួន ៣នាក់ ដែលលួចឆ្លងដែនខុសច្បាប់ពីភូមាចូលប្រទេសខ្លួនវិញ អាចនឹងត្រូវប្រឈមមុខជាមួយច្បាប់ជាច្រើនករណី

    BY autoadmin December 1, 2020
    ជនជាតិថៃចំនួន ៣នាក់ ដែលលួចឆ្លងដែនខុសច្បាប់ពីភូមាចូលប្រទេសខ្លួនវិញ អាចនឹងត្រូវប្រឈមមុខជាមួយច្បាប់ជាច្រើនករណី

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger នៅថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ស្ត្រីជនជាតិថៃចំនួន ៣នាក់ ដែលបានលួចឆ្លងចេញចូលតាមព្រំដែនធម្មជាតិ ថៃ-ភូមា ដើម្បីត្រឡប់មកប្រទេសថៃវិញ ដោយមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ ហើយក្រោយមកវិជ្ជមានជាមួយជំងឺ COVID-19 នឹងត្រូវប្រឈមមុខជាមួយនឹងផ្លូវច្បាប់។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul មានប្រសាសន៍ថា គាត់បានស្នើសុំឱ្យអាជ្ញាធរធ្វើការផ្តន្ទាទោសលើស្ត្រីទាំង ៣នាក់ ឱ្យធ្ងន់ធ្ងរទៅតាមផ្លូវច្បាប់ដែលបានកំណត់។

    មិនត្រឹមតែស្ត្រីទាំង ៣ អាចប្រឈមនឹងការចោទប្រកាន់ពីបទចេញចូលខុសច្បាប់ទេ ពួកគេក៏អាចត្រូវបានចោទប្រកាន់ពីបទបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ ក៏ដូចជាការបំពានច្បាប់គ្រប់គ្រងការឆ្លងជំងឺ និងក្រឹត្យគ្រាអាសន្នផងដែរ។ លោក Anutin Charnvirakul និយាយថា គាត់កំពុងធ្វើការជាមួយអភិបាលឈៀងម៉ៃ និងឈៀងរ៉ៃ ដើម្បីធ្វើការចោទប្រកាន់លើស្ត្រីទាំងនោះ។ ជម្រាបដែរថាស្ត្រីទាំង ៣នាក់ ធ្វើការនៅកន្លែងតែមួយនៅប្រទេសភូមា ពួកគេបានត្រឡប់មកប្រទេសថៃវិញតាមព្រំដែនធម្មជាតិ ដើម្បីគេចពីប៉ុស្តិ៍ត្រួតពិនិត្យ ដែលជាហេតុអាជ្ញាធរមិនអាចកំណត់ និងដាក់ពួកគេឱ្យនៅដាច់ដោយឡែកបានឡើយ។

    រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិយាយថា ប្រជាជនថៃទាំងអស់ត្រូវបានស្វាគមន៍ឱ្យត្រឡប់មកផ្ទះវិញ ប៉ុន្តែពួកគេចាំបាច់ត្រូវឆ្លងកាត់ដំណើរការចូលជាផ្លូវការ ដើម្បីការពារការរីករាលដាលនៃជំងឺ COVID-19 ។ អ្នកដែលចូលប្រទេសដោយមិនបានឆ្លងកាត់រយៈពេលកំណត់នៅដាច់ដោយឡែក អាចប្រឈមនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដូចជាការជាប់ពន្ធនាគារដោយសាររំលោភលើក្រឹត្យបន្ទាន់ជាដើម៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Thaiger

    Share This Post: