បច្ចេកវិទ្យា

ចិនបង្កើត Drone ថ្មី ដើម្បីងាយស្រួលឃ្លាំមើលសកម្មភាពមនុស្ស និងទុកបម្រើក្នុងវិស័យយោធា

BY
Khmernote Media
June 27, 2018

ចិន៖ ដោយសារតែប្រព័ន្ធកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវហាក់មិនទាន់ល្អគ្រប់គ្រាន់ កាលពីពេលថ្មីៗនេះដើម្បីប្រឆាំងនឹងពួកភេរវករ និងបង្កើនសុវត្ថិភាពក្នុងប្រទេស អ្នកជំនាញរបស់ចិនបានធ្វើការបង្កើត Drone ថ្មីមួយសម្រាប់តាមដានសកម្មភាពរបស់មនុស្ស។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ភ្នាក់ងារយោធា និងភ្នាក់ងាររដ្ឋាភិបាលជាង 30 បានចាប់ផ្តើម និងដាក់ពង្រាយ Drone ដែលមានឈ្មោះថា Dove មានរូបរាងដូចជាសត្វបក្សីនៅក្នុងខេត្តយ៉ាងហោចណាស់ចំនួន 5 ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

គម្រោង “Dove” នេះត្រូវបានដឹកនាំដោយលោក Song Bifeng ដែលជាអតីតអ្នកវិទ្យាសាស្រ្តធ្វើការលើកម្មវិធីយន្តហោះទម្លាក់គ្រាប់បែក J-20 និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យពហុបច្ចេកទេសនៅភាគនិរតីនៃទីក្រុងស៊ីអាន ដែលជារដ្ឋធានីនៃខេត្តសាអានស៊ីប្រទេសចិនភាគពាយ័ព្យ។

លោក Yang Wenqing សាស្រ្តាចារ្យរងនៅសាលាអាកាសយានដ្ឋាននៅភាគពាយ័ព្យ បានបញ្ជាក់ថា ឧបករណ៍មានរូបរាងតូច និងងាយស្រួលក្នុងការឃ្លាំមើលដូចសត្វបក្សីអញ្ចឹង បើប្រៀបធៀបទៅនឹងឧបករណ៍ផ្សេងទៀត។ លោកជឿជាក់ថា បច្ចេកវិទ្យានេះមានសក្តានុពលល្អសម្រាប់ការប្រើប្រាស់ទ្រង់ទ្រាយធំនៅពេលអនាគត ហើយវាក៏អាចបំពេញតាមតម្រូវការសម្រាប់វិស័យយោធា និងស៊ីវិលផងដែរ៕

អត្ថបទ៖ ឌី
ប្រភព៖ nextshark

Share This Post: