ប្រទេសថៃរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ១៤ករណី ដោយក្នុងនោះមាន ១ករណី គឺជាការចម្លងក្នុងសហគមន៍
យោងតាមនាយកដ្ឋានត្រួតពិនិត្យជំងឺរបស់ប្រទេសថៃបានឱ្យដឹងថា រហូតមកដល់ពេលនេះករណីចម្លងជំងឺ COVID-19 ដែលជាប់ទាក់ទងនឹងតំបន់ Thachilek នៃប្រទេសភូមា មានរហូតដល់ទៅ ១៤ ករណី។ ករណីទាំងនេះត្រូវបានកត់ត្រាតាំងពីពាក់កណ្តាលខែវិច្ឆិកា រួមមាន៖ ៣ករណី នៅឈៀងម៉ៃ, ១ករណី នៅផាយ៉ាវ, ១ករណី នៅភីឈីត, ១ករណី នៅរ៉ាត់បូរី, ១ករណី នៅបាងកក និង ៧ករណី នៅខេត្តឈៀងរ៉ៃ។

វេជ្ជបណ្ឌិតលោក Sophon Iamsirithavorn ប្រធានផ្នែកជំងឺឆ្លងនៅថ្ងៃសុក្រ ទី០៤ ខែធ្នូ បានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយថា មានករណីថ្មីចំនួន ៣ ត្រូវបានកត់ត្រា។ ម្នាក់ក្នុងចំនោមពួកគេ គឺជាស្ត្រីអាយុ ៥១ឆ្នាំ មកពីខេត្ត Sing Buri ដែលបានធ្វើដំណើរតាមជើងហោះហើរដូចគ្នានឹងកម្មករថៃម្នាក់ ដែលបានវិលត្រឡប់ទៅស្រុក Mae Sai នៃខេត្តឈៀងរ៉ៃ ពីតំបន់ Thachilek ប្រទេសភូមា។
លោកវេជ្ជបណ្ឌិត Sophon បានបន្ថែមថា ស្ត្រីមកពីខេត្ត Sing Buri បានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី០២ ខែធ្នូ ហើយត្រូវបានធ្វើតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 នៅថ្ងៃបន្ទាប់។ ករណីថ្មីចំនួន ២ ទៀតគឺជាស្ត្រីថៃ ដែលស្ថិតក្នុងតំបន់ដាច់ស្រយាលក្នុងខេត្តឈៀងរ៉ៃ បន្ទាប់ពីពួកគេបានវិលត្រឡប់មកពី Thachilek តាមរយៈប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ផ្លូវការ។
ចំណែកករណីក្នុងស្រុកម្នាក់នោះគឺបុរសជនជាតិថៃអាយុ ២៨ឆ្នាំ ធ្វើការនៅកន្លែងកម្សាន្តមួយ ហើយគាត់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តឈៀងរ៉ៃ។ បុរសនោះមានទំនាក់ទំនងជិតស្និទ្ធជាមួយស្ត្រីឆ្លងជំងឺ COVID-19 មកពីខេត្តផាយ៉ាវ។ ជម្រាបដែរថាគិតមកដល់ពេលនេះ ប្រទេសថៃមានករណីជំងឺ COVID-19 ចំនួន ៤ ០៥៣ នាក់ ដោយមានការធូរស្បើយចំនួន ៣ ៨៣៩ ករណី ៕

អត្ថបទ៖ លីដា
ប្រភព៖ Thaipbsworld