ប្រទេសថៃកត់ត្រាការឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១៨ករណី រួមមានករណីក្នុងស្រុក ១នាក់ ដែលជាបុគ្គលិកសុខាភិបាល
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៨ ករណី ដែលនាំឱ្យករណីឆ្លងសរុបកើនដល់ ៤ ១៦៩ ករណី និងការស្លាប់នៅត្រឹម ៦០នាក់ ដដែល។ ក្នុងចំណោមករណីថ្មីទាំងអស់មាន ១៧ករណី ត្រូវបានរកឃើញនៅកន្លែងដាក់ដោយឡែកដែលរៀបចំដោយរដ្ឋ និងមាន ១ករណី គឺជាករណីឆ្លងក្នុងសហគមណ៍។ ករណីក្នុងស្រុកមួយនោះ គឺជាគិលានុបដ្ឋាយិកាម្នាក់នៅមន្ទីរពេទ្យ BNH ហើយគាត់គឺជាបុគ្គលិកពេទ្យទី៦ ដែលបានឆ្លងជំងឺ COVID-19 នៅក្នុងទីក្រុងបាងកក។

លោកវេជ្ជបណ្ឌិត Thaweesilp បាននិយាយថា មន្រ្តីសុខាភិបាលបានធ្វើតេស្តមនុស្ស ៨៥១នាក់ ដែលជិតស្និទ្ធជាមួយករណីថ្មីទាំងនេះ ហើយលទ្ធផលទាំងអស់គឺអវិជ្ជមាននៅឡើយ។ គាត់បាននិយាយថា បុគ្គលិកពេទ្យ ១ ក្នុងចំនោម ៦នាក់ បានឆ្លងមេរោគនេះ បន្ទាប់ពីខកខានមិនបានពាក់ឈុតការពារឱ្យបានត្រឹមត្រូវ អំឡុងពេលធ្វើការត្រួតពិនិត្យអ្នកចូលមកប្រទេសថៃ នៅកន្លែងដាក់នៅដោយឡែក។ ក្រោយមកបានចម្លងជំងឺនេះទៅគិលានុបដ្ឋាយិកាផ្សេងទៀត ក្នុងពេលទទួលទានអាហារជាមួយគ្នា។
ក្នុងចំណោមករណីសរុបចំនួន ៤ ១៦៩ នៅក្នុងប្រទេស មានករណីចំនួន ៣ ៨៨៨ (៩៣.២៦%) បានជាសះស្បើយនិងបានរំសាយចេញ ខណៈមាន ២២១ ករណី កំពុងសម្រាកនៅមន្ទីរពេទ្យ។ ករណី COVID-19 ទូទាំងពិភពលោកបានកើនឡើងបន្ថែម ៦៤៣ ៤៧២ ករណី ដែលនាំឱ្យករណីសរុបមាន ៦៩.២៣ លានករណី។ ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកក៏បានកើនឡើង ១២ ២៦០ នាក់បន្ថែម ដែលនាំឱ្យចំនួនស្លាប់សរុបមានដល់ ១.៥៧ លាននាក់៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍