សង្គម

បុរសដែលប្រកែកតឹងសរសៃ ក មិនព្រមពាក់ម៉ាស់ និងយកម៉ាស់បោះចោលកាលពីម្សិលមិញនោះ បានទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ ព្រមទាំងអំពាវនាវឲ្យប្រជាជនទាំងអស់ចូលរួមការពារជំងឺកូវីដ១៩ទាំងអស់គ្នា

BY
Khmernote Media
December 10, 2020

កាលពីម្សិលមិញ ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២០ គណនីហ្វេសបុកឈ្មោះ Bopha Kim បានបង្ហោះវិដេអូឲ្យដឹងពីបុរសម្នាក់ដែលចូលផ្សារដីហុយ ត្រូវបានឲ្យម៉ាស់ពាក់ ស្រាប់តែគាត់ប្រកែកតឹងសរសៃក មិនព្រមពាក់ ថែមទាំងបោះម៉ាស់ចោលទៀត។ ថ្ងៃនេះ រដ្ឋបាលខណ្ឌសែនសុខ បានអញ្ជើញបុរសម្នាក់ឈ្មោះ រនី សាគី អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិច្រាំងចំរេះទី៨ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយបោះចោលមិនទទួលយកម៉ាសពីក្រុមការងារសង្កាត់ភ្នំពេញថ្មី ដែលចុះផ្សព្វផ្សាយពីវិធានការការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ ក្រោយព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» តាមការណែនាំរបស់ក្រសួងសុខាភិបាល។

បុរសខាងលើបានទទួលស្គាល់នូវកំហុសរបស់ខ្លួនធ្វើការសុំទោសជាសាធារណៈ ព្រមទាំងសន្យាមិនឱ្យមានកំហុសនេះកើតឡើងជាថ្មីទៀតនោះទេ និងចូលរួមអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះដែរ រដ្ឋបាលខណ្ឌ សូមធ្វើការអំពាវនាវដល់សាធារណជនបន្តអនុវត្តអោយបានម៉ត់ចត់ នូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស រក្សាគម្លាត ១,៥ ម៉ែត្រ និងលាងដៃដោយអាល់កុល ឬជែលសម្លាប់មេរោគ ។៕

Share This Post: