កើនឡើងឥតឈប់! អាមេរិកមានតួលេខអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ជាង ៣ ពាន់នាក់ក្នុងមួយថ្ងៃ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានពីមុនមក
អាមេរិក៖ យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកចំនួន ៣ ១២៤ នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ ១៩ នៅក្នុងថ្ងៃពុធ ទី៩ ធ្នូ កន្លងទៅនេះ ហើយចំនួននេះបានក្លាយជាតួលេខអ្នកស្លាប់ច្រើនបំផុតប្រចាំថ្ងៃសម្រាប់អាមេរិកផងដែរ។ គេនៅចាំបានថា នាពេលកន្លងអាមេរិកធ្លាប់មានចំនួនអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ក្នុងមួយថ្ងៃច្រើនបំផុតត្រឹមតែ ២ ៨៧៩ ករណីប៉ុណ្ណោះ។ អ្វីដែលជារឿងគួរឲ្យគត់សម្គាល់មួយទៀតនោះគឺអាជ្ញាធរសុខាភិបាលអាមេរិកបានព្យាករណ៍យ៉ាងច្បាស់ថា ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ ១៩ នឹងបន្តកើនឡើង ហើយនៅក្នុងរយៈពេល ៤ សប្តាហ៍បន្ទាប់ទៀតនេះអាមេរិកអាចនឹងមានពលរដ្ឋចំនួន ៧២ ០០០ នាក់បន្ថែមទៀតត្រូវស្លាប់ដោយជំងឺកូវីដ ១៩ ផងដែរ និងបើគិតជាមធ្យមគឺអាមេរិកមានអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ប្រមណជា ២ ២០០ ករណីក្នុងមួយថ្ងៃ។

ចំពោះចំនួនអ្នកឆ្លងថ្មីវិញក៏មិនថយចុះដែរ ដោយនៅក្នុងថ្ងៃពុធ ទី៩ ធ្នូនេះ អាមេរិកបានរកឃើញអ្នកឆ្លងថ្មីចំនួន ២២១ ២៦៧ ករណី និងបើគិតជាមធ្យមចាប់តាំងពីផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ មក គឺក្នុងមួយថ្ងៃមានពលរដ្ឋអាមេរិកប្រមាណជា ២០០ ០០០ នាក់បានឆ្លងាជំងឺកូវីដ ១៩ រាល់ថ្ងៃ។ដោយឡែកចំនួនអ្នកជំងឺដែលត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រចាំថ្ងៃក៏មានការកើតឡើង ១៨% ដែរបើធៀបទៅតួលេខចាស់ដែលមានចំនួនត្រឹម ១០៦ ៦៨៨ ករណីក្នុងមួយថ្ងៃ។ ឆ្លើយតបនឹងបញ្ហានេះរដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា បើទោះជាពេលនេះវ៉ាក់ការពារជំងឺកូវីដ ១៩ ត្រូវបានរកឃើញក៏ដោយ តែគេមិនទាន់អាចចាក់ជូនពលរដ្ឋទាំងអស់បានទេ ដូចនេះពលរដ្ឋគ្រប់រូបត្រូវបន្តពាក់ម៉ាស់ រក្សាគំលាតសង្គម និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលជាបន្តទៀត។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះអាមេរិកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ១៦ លានករណី និងស្លាប់ជិត ៣ សែនករណី៕



អត្ថបទ៖ភក្តី
ប្រភព៖ Daily Mail