ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ខ្លួនបុគ្គល នី ណាក់ ម្ចាស់ហ្វេសបុក IMan-KH បញ្ជូនឡើងតុលាការ ក្រោយបង្ហោះហ្វេសបុកឌឺដង ប្រសាសន៍ថ្នាក់ដឹកនាំ

    BY Khmernote Media December 11, 2020
    ចាប់ខ្លួនបុគ្គល នី ណាក់ ម្ចាស់ហ្វេសបុក IMan-KH បញ្ជូនឡើងតុលាការ ក្រោយបង្ហោះហ្វេសបុកឌឺដង ប្រសាសន៍ថ្នាក់ដឹកនាំ

    រាជធានីភ្នំពេញ៖ នគរបាលផ្នែកប្រឆាំងបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានចាប់ខ្លួនបុគ្គលឈ្មោះ នី ណាក់ បញ្ជូនឡើងតុលាការពាក់ព័ន្ធ និងករណីប្រើវោហាស័ព្ទដៀមដាម ថ្នាក់ដឹកនាំ «ទិញម៉ាសពាក់ឲ្យមាន់»។ សំណុំរឿងនេះ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ឲ្យលោកព្រះរាជអាជ្ញារង ប្លង់ សុផល ធ្វើការសាកសួរ ហើយដំណើរការនីតិវិធីកំពង់បន្ត។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងតាមបណ្តាញសង្គម Telegram នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ លោកបានឲ្យមន្ត្រីស្រាវជ្រាវអំពីករណីថា តើកសិដ្ឋានរបស់បុគ្គលឈ្មោះ នី ណាក់ ដែលប្រើហ្វេសប៊ុកផេកឈ្មោះ Iman-KH នោះ មានកើតជំងឺផ្តាសាយបក្សី ពិតមែនឬទេ?

    ហ្វេសប៊ុកផេកឈ្មោះ Iman-KH ដែលកាន់កាប់ដោយបុគ្គលឈ្មោះ នី ណាក់ បានសរសេរថា «ខ្ញុំបានត្រៀមឬព្រៀងលិខិតនិងឯកសាររួចរាល់អស់ហើយ ក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើឲ្យខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាសគ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅឲ្យសោះបើគ្មានការចាំបាច់»។

    សំណេររបស់ឈ្មោះ នី ណាក់ នាពេលនេះ ត្រូវបានមជ្ឈដ្ឋានជាច្រើនកំពុងជជែកគ្នា និង អះអាងថា កំពុងឌឺដង ឬ ផ្គើន នឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បុគ្គលនី ណាក់ នេះកន្លងមកតែងតែដៀមដាម ជេរប្រមាថ ទៅលើបុគ្គល និងស្ថាប័នរដ្ឋជាញឹកញាប់តែហាក់គ្មានអ្វីកើតឡើងចំពោះបុគ្គលម្នាក់នេះទាល់តែសោះ ខណៈកន្លងមក ក៏ធ្លាប់បានធ្វើលិខិតសុំទោសជាសាធារណៈផងដែរ ដោយសារសំដីព្រហើនបែបនេះ ៕


    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: