រូបសំណាកព្រះអង្គទេពប្រណម នៅច្រមុះជ្រូកផ្លូវភ្លោះឬស្សីកែវ ត្រូវរថយន្តប៉ែនដឹកដីធុនធំមួយគ្រឿងបើកបុកពេញទំហឹង ធ្វើឲ្យបាក់ព្រះកេស ខូចខាតយ៉ាងដំណំ កល់ជាប់រថយន្តកណ្ដាលផ្លូវ
រាជធានីភ្នំពេញ ៖ រថយន្តដឹកដីម៉ាកហ៊ីយ៉ានដាយធុនធំរបស់ក្រុមហ៊ុន L.M.H ដឹកជញ្ជូន បោះពួយលឿនដូចហោះ រេចង្កូតបុកឡើងសួនច្បារពុះចែកផ្លូវទៅបុករូបសំណាកព្រះអង្គទេពប្រណម បណ្ដាលឲ្យរូបចម្លាក់ព្រះអង្គទេពប្រណម ត្រូវបានបាក់បែកខូចខាតយ៉ាងដំណំខ្ទាតរាយប៉ាយពេញថ្នល់ និងបាក់ព្រះកេសតែម្ដង ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនាវេលាម៉ោង០៤:០៥នាទីទាបភ្លឺ ឈានចូលថ្ងៃសៅរិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចរូបសំណាកព្រះអង្គទេពប្រណម (ច្រមុះជ្រូកផ្លូវភ្លោះ) ក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តបង្កជាប្រភេទរថយន្តប៉ែនដឹកដីធុនធំ ម៉ាកហ៊ីយ៉ានដាយ (HYUNDAI) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-9368 បិទអក្សរសម្គាល់របស់ក្រុមហ៊ុន L.M.H ដឹកជញ្ជូន បើកបរដោយបុរសម្នាក់ និងរួមដំណើរបុរស២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណទាំងអស់ បានចុះរត់គេចខ្លួនបាត់។
ប្រភពពីពលរដ្ឋម្នាក់បានរៀបរាប់ប្រាប់ឲ្យអ្នកយកព័ត៌មានខ្មែរណូតដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើ បានបើកតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅមកត្បូង ក្នុងល្បឿនយ៉ាងលឿនដូចហោះ ខណៈពេលមកដល់ច្រមុះជ្រូកផ្លូវភ្លោះដែលជាចំណុចកើតហេតុ ដោយសារតែផ្លូវកោង រថយន្តមិនបង្អន់ល្បឿន បានទៅបុកឡើងសួនច្បារពុះចែកផ្លូវ បន្តទៅបុករូបចម្លាក់ព្រះអង្គទេពប្រណម ដែលជាកន្លែងគោរពបូជារបស់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន ស្ថិតក្រោមដើមពោធិ៍កណ្ដាលសួនច្បារពុះចែកផ្លូវនោះ បណ្ដាលឲ្យរូបចម្លាក់ព្រះអង្គទេពប្រណម ត្រូវបានបាក់បែកខូចខាតយ៉ាងដំណំ បាក់ព្រះកេសតែម្ដង និងខ្ទាតរាយប៉ាយពេញថ្នល់ រីឯបល្ល័ង្កព្រះវិញដែលមានទម្ងន់ច្រើនជាង១ពាន់គីឡូក្រាមនោះ បានខ្ទាតទៅកណ្ដាលគន្លងផ្លូវម្ខាងទៀត ចំណែករថយន្តបានបន្តទៅមុខទាំងបែកកង់មុខ អូសនឹងសួនច្បារជិត១០ម៉ែត្រទៀត ទើបអស់ល្បឿន បើកទៅមុខលែងរួច រងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ ហើយតៃកុងនិងព្រូបានចុះពីលើរថយន្តមក ពុំមានរបួសអ្វីឡើយ ហើយបានឈរមើលរថយន្តមួយសន្ទុះរួចនាំគ្នាគេចខ្លួនបាត់ស្រមោលអស់ ទើបប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ សម្រួលចរាចរណ៍ និងពិនិត្យមើលការខូចខាត ដើម្បីរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ សហការជាមួយជំនាញផ្នែកវាស់វែងចរាចរណ៍ ចុះមកពិនិត្យមើល និងប្រគល់អោយជំនាញ វាស់វែងស្ទូចយករថយន្តបង្ក ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕

ដោយ៖ បងម៉េង ខ្មែរណូត