សម្រេចឃុំខ្លួនបណ្តោះអាសន្ន បុគ្គល នី ណាក់ ដែលបង្ហោះសារដៀមដាមថ្នាក់ដឹកនាំ ជាញឹកញាប់
បុរសឈ្មោះ នៅ ណាក់ ដែលគេស្គាល់ថាជាម្ចាស់ទំព័រ Facebook ឈ្មោះ Iman-KH ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន ក្រោមពាក្យបណ្តឹងរបស់ក្រសួងកសិកម្ម ទាក់ទងនឹងការជេរប្រមាថជាសាធារណៈ។ បុរសឈ្មោះ នី ណាក់ នេះដែរត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជា ពៅ បានធ្វើការស្រាវជ្រាវ ដោយមាការសហការជាមួយអធិការដ្ឋានខណ្ឌមានជ័យ ព្រមទាំងមានការសម្របសម្រួលពី លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរាថា បុរសឈ្មោះ នី ណាក់ បានប្រើប្រាស់ទំព័រ Facebook របស់ខ្លួនឈ្មោះថា Iman-KH ធ្វើការបង្ហោះសារបែបដៀមដាមថ្នាក់ដឹកនាំថា៖ “ខ្ញុំបានត្រៀមឬព្រៀងលិខិតនិងឯកសាររួចរាល់អស់ហើយក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើអោយខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅអោយសោះបើគ្មានការចាំបាច់”។ បច្ចុប្បន្នបុរសខាងលើត្រូវបាន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្ដោះអាសន្នពីបទជេរប្រមាថជាសាធារណៈ និង ញុះញង់ឱ្យមានការរើសអើង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕


