បើកម៉ូតូលឿនពេកអកហ្សឺចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុករថយន្ត Range Rover បើកបរដោយជនជាតិចិន បណ្តាលឲ្យរបួស២នាក់
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានយុវជន២នាក់របួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន អកហ្សឺចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្ត Range Rover បើកបរដោយបុរសជនជាតិចិនដឹកនារីជនជាតិខ្មែរ ដែលបត់ត្រឡប់ក្រោយ មិនបើកភ្លើងស៊ីញ៉ូ បណ្ដាលឲ្យខ្ទាតដួលអូសជាច្រើនម៉ែត្រ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០:៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ នៅផ្លូវព្រះនរោត្តម មុខអាគារព្រីនស៍ផ្លាហ្សា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍ផ្ទាល់រៀបរាប់ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់ឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Ranger Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BI-9698 បើកបរដោយបុរសចិនជាតិចិនម្នាក់ និងនារីជនជាតិខ្មែរម្នាក់ទៀត ជាអ្នករួមដំណើរជាមួយគ្នា បានធ្វើដំណើរតាមផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលដែលមកដល់មុខមជ្ឈមណ្ឌលព្រីនផ្លាហ្សា ជាចំណុចកើតហេតុ ស្រាប់តែបត់ឆ្វេងបំណងត្រឡប់ក្រោយ បានពាក់កណ្ដាលផ្លូវ ក៏ត្រូវបានយុវជន២នាក់បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម(Honda Dream) សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FF-6351 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ស្របទិសមកពីក្រោយ ក្នុងល្បឿនលឿន អកហ្សឺចាប់ហ្វ្រាំងមិនទាន់ ទៅជ្រុលទៅបុកពីចំហៀងរថយន្ត Ranger Rover ដែលកំពុងបត់ត្រឡប់ក្រោយខាងលើ បណ្ដាលឲ្យដួលខ្ទាតម៉ូតូអូសនឹងថ្នល់ជាច្រើនម៉ែត្រ ចំណែកឯអ្នកជិះពីក្រោតហោះប្លោងបោកផ្ទប់របាំងថ្មពុះចែកទ្រូងផ្លូវ ដេកស្ដូកស្ដឹងក្នុងថ្លុកឈាម ចំណែកអ្នកបើកបរម៉ូតូមានពាក់មួកសុវត្ថិភាព ទើបរងរបួសស្រាល គ្រាន់តែរលាត់ដៃរលាត់ជើងប៉ុណ្ណោះ បង្កការភ្ញាក់ផ្អើលឡើងដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះ ជួយទំនាក់ទំនងរថយន្តសង្គ្រោះគ្លីនិកឯកជន ពន្លឺ មកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញ ចុះមកវាស់វែងរថយន្តនិងម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ៖ បងម៉េង ខ្មែរណូត