រថយន្តដឹកទំនិញក្រុមហ៊ុនវីរៈប៊ុនថាំ បើកលឿនពេក ផ្ទុះកង់រេចង្កូតបុករះរបងដែក មុខព្រលានយន្តហោះ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងទាំងព្រឹក
ភ្នំពេញ៖ រថយន្តដឹកទំនិញប្រភេទឃ្លប់មួយគ្រឿងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដឹកឥវ៉ាន់ពេញក្នុងរថយន្ត បើកលឿនពេក ស្រាប់តែបែកកង់ ទប់ចង្កូតមិនជាប់ ក៏ផ្អៀងក្រឡាប់ទៅបុករះរបងដែកមុខព្រលានយន្តហោះ បណ្តាលឲ្យក្រឡាប់ផ្ងាជើង តែសំណាងល្អមិនមានអ្នករងរបួសឡើយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៥:២០នាទីព្រឹក ថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ (នៅចំណុចជាប់របងអាកាសយានដ្ឋានអន្តរជាតិ-ភ្នំពេញ (ព្រលានយន្តហោះពោធិ៍ចិនតុង) ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារខ្មែរណូតដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកូរ៉េដឹកទំនិញ ៤តោនកន្លះ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3E-6539 របស់ក្រុមហ៊ុនដឹកទំនិញវីរៈប៊ុនថាំ ដឹកទំនិញមកពីខេត្តកោះកុងទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបើកក្នុងល្បឿនលឿន បែកកង់ក៏រេចង្កូត ទប់មិនជាប់ដោយសារតែឥវ៉ាន់ដឹកពេញរថយន្តធ្ងន់ពេក ក៍ផ្អៀងទៅបុករះរបងដែកមុខអាកាសយានដ្ឋានអន្តរជាតិ-ភ្នំពេញ (ព្រលានយន្តហោះពោធិ៍ចិនតុង) បណ្តាលឲ្យបាក់អស់៣កង់រីឯរថយន្តក្រឡាប់ផ្ងាជើងដាច់កង់រថយន្តចេញពីរថយន្តរងការខូចខាតផ្នែកខាងមុខរថយន្តស្ទើតែទាំងស្រុងតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។
ក្រោយពេលកើតហេតុក៏មានរថយន្ត២គ្រឿងរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ មកសាងយកឥវ៉ានចេញទៅបាត់ ហើយក៏សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះមកដល់ទីតាំងកើតហេតុទាក់ទងទៅខាងអ្នកគ្រប់គ្រងអាកាសយានដ្ឋាន ឲ្យមកធ្វើការដោះស្រាយជាមួយភាគីតំណាងក្រុមហ៊ុនដឹកទំនិញខាងលើ និងស្ទូចយករថយន្តទៅជួសជុលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕


ដោយ៖ បងម៉េង ខ្មែរណូត