កន្លះម៉ោង ឆេះរថយន្ដ២គ្រឿងក្នុងខេត្តកំពង់ស្ពឺ បណ្ដាលមកពីមូលហេតុនេះដូចគ្នា
ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យបានឆាបឆេះរថយន្ដ ០២គ្រឿងផ្សេងគ្នា ក្នុងខេត្ដកំពង់ស្ពឺ បណ្ដាលឲ្យមានការឆោឡោទាំងកណ្ដាលយប់ ឈានចូលយប់ថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០ ដោយករណីទី១ កាលពីវេលាម៉ោង០១:០០នាទីយប់ មានករណីឆេះរថយន្ត០១គ្រឿង នៅត្រង់ចំណុចលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ ៤៤ ស្ថិតភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

រថយន្តម៉ាក់នីសាន់ ស្លាកលេខភ្នំពេញ 2AV -8554 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៥ មូលហេតុ បណ្តាលមកពីឆ្លងចរន្តភ្លើងអាគុយ មានម្ចាស់កម្មសិទ្ធឈ្មោះ គីម សុធាន រស់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ គោលបំណងទៅដឹកបន្លែទៅផ្សារដើមគរ រាជធានីភ្នំពេញ មកលក់នៅផ្សារកំពង់ស្ពឺ ។
ករណីទី២ កាលពីវេលាម៉ោង០០:៤៥នាទី លើផ្លូវជាតិលេខ៤៤ ចន្លោះគីទ្បូម៉ែត្រលេខ៤៤-៤៥ ស្ថិតក្នុងភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆេះរថយន្ដចំនួន០១គ្រឿងទៀត ម៉ាកតូយ៉ូតា កាមរីឆ្លាម ពណ៌ទឹកមាស សេរីឆ្នាំ១៩៩៨ ស្លាកលេខភ្នំពេញ 2F-2205 ខណៈពេលកំពុងបើកបរលើផ្លូវលេខ៤៤ មូលហេតុបណ្តាលមកពីឆ្លងចរន្តភ្លើងអាគុយ ម្ចាស់រថយន្ដមានឈ្មោះ ហែម ប៊ុនណា ភេទប្រុស រស់នៅភូមិ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ប្រតិបត្ដិការនេះកំលាំងនគរបាលអគ្គិភ័យប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ០២គ្រឿង ៖ រថយន្ដអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ។ រថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ។
ករណីទាំងពីរខាងលើមិនបង្កអោយប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ប៉ុន្តែបានបំផ្លាញទ្រព្យសម្បត្ដិ គឺរថយន្ដឆេះខូចខាតទាំងស្រុង សំណូមពរ បងប្អូនម្ចាស់យានយន្ត ឬជាងជួសជលរថយន្ដ តុបតែងគ្រឿងបំពាក់គ្រប់ប្រភេទ មេត្ដាអនុវត្តអោយបានតាមលក្ខណៈស្ដង់ដារ បទដ្ឋានបច្ចេកទេសយានយន្ត ៕
