ព្រឹកនេះអាមេរិក រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ជាង ១៩ម៉ឺននាក់ និងជាង ២ពាន់នាក់បាត់បង់ជីវិត
(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៩៦,៤៦២នាក់ និងអ្នកជំងឺសរុប ២,១៥៣នាក់ បានស្លាប់។ សូមបញ្ជាក់ផងដែររហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាងនៃចំនួនអ្នកឆ្លងច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១៦,៥២១,៩៤៨បានឆ្លង, ជាង៣០ម៉ឺននាក់ស្លាប់។

ប្រទេសឥណ្ឌា ឈរបន្ទាប់ពីអាម៉េរិក ដែលរហូតមកដល់ពេលនេះ ឥណ្ឌារកឃើញអ្នកឆ្លងសរុប ៩,៩៥៤,២០៨នាក់ ក្នុងនោះអ្នកើជំងឺជាង១៤ម៉ឺននាក់ បានស្លាប់ និងជាង៩.៣លាននាក់ទៀត បានជាសះស្បើយ។ ដោយឡែកប្រទេសប្រេស៊ីល ឈរនៅលេខរៀងទី៣ ដែលរហូតមកដល់ពេលនេះ ប្រេស៊ីល រកឃើញអ្នកឆ្លងសរុប ៦,៨៨០,១២៧នាក់ ក្នុងនោះអ្នកជំងឺជិត ១៨ម៉ឺននាក់ បានស្លាប់ និង៥.៩លាននាក់ទៀត បានជាសះស្បើយ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ៦ និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៧២,០៥២,៤១៥ករណី ហើយក្នុងនោះមនុស្សសរុប ១,៦១០,៤៩៥នាក់ស្លាប់ និងជាង ៥០លាននាក់ បានជាសះស្បើយឡើងវិញ។ តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕

ប្រភព៖ ក្រសួងព័ត៌មាន