សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យបេក្ខជនប្រឡងបាក់ឌុបឆ្នាំសិក្សា២០១៩-២០២០ ជាប់ទាំងអស់គ្នា (មានវីដេអូ)
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចមិនអនុញ្ញាតឱ្យមានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នោះទេ ដោយសម្ដេចឱ្យបេក្ខជនសិក្សាឆ្នាំ២០១-២០២០ ជាប់ទាំងអស់គ្នា។ ការសម្រេចនេះ បានធ្វើឡើងក្នុងការថ្លែងសារ ដ៏សំខាន់រយៈពេលជិត៤ម៉ោង នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំជាប្រមុខដឹកនាំប្រទេស ខ្ញុំទទួលខុសត្រូវចំពោះមុខរដ្ឋសភា ហើយក៏ទទួលខុសត្រូវចំពោះមុខព្រះភ័ក្តព្រះមហាក្សត្រ ធ្វើឱ្យកូនគេស្លាប់ ឆ្លងពេញទឹកពេញដី ដោយតែរឿងរបស់អស់លោកធ្វើហ្នឹង។ ដូច្នេះខ្ញុំត្រូវមានសិទ្ធិអារកាត់ ខ្ញុំមិនឱ្យប្រឡងទេ នៅថ្ងៃទី១១ ខែមករា នេះ។ ខ្ញុំប្រកាសពីពេលឥឡូវនេះ អីញ្ចឹងគឺនៅសល់ ជម្រើសទី៣ ដែលបញ្ជូនមកហ្នឹងគឺករណីការរីករាលដាលកូវីដធ្ងន់ធ្ងរ ក្រសូងនឹងផ្អាកការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិឆ្នាំ២០១៩-២០២០ ដោយជំនួសវិញនូវការវាយតម្លៃលទ្ធផលនៃការប្រឡងឆមាសរបស់បេក្ខជនដើម្បីកំណត់ថាជាប់ ឬធ្លាក់”។ សម្ដេចតេជោបានលើកឡើងថា ការស្នើសុំនោះត្រូវហើយ ប៉ុន្តែអ្នកដែលរងគ្រោះ គឺគ្រូបង្រៀនដែលជាអ្នកផ្តល់ពិន្ទុ ដូច្នេះ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ បាក់ឌុបឱ្យជាប់ទាំងអស់គឺវាឆាប់ចប់ ហើយក្មេងៗប្រឹងរៀន ដោយចាប់ផ្តើមចុះឈ្មោះចូលរៀននៅ មហាវិទ្យាល័យណាដែលខ្លួនស្រឡាញ់។
ពាក់ព័ន្ធនឹងការប្រលឌីប្លូមវិញសម្ដេចតេជោក៏សម្រេចឱ្យជាប់ទាំងអស់។ សម្តេចតេជោក៏បានថ្លែងថា “បើជាជ្រុលអីច្ចឹងហើយ ហង់ ជួនណារ៉ុន អើយទៅជាអីច្ចឹងទៅ ។ យើងទទួលយកការការពិតនៃសភាពការណ៍នេះ បើទោះបីជាអីញ្ចឹងក៏វាគ្រាន់ជាងសម័យប៉ុល ពត ដែលមិនបានរៀន។ មុនយើងទទួលបានសន្តិភាពយើងបានរៀន តែកំពុងរៀនឆះសាលារៀន រត់ចូលត្រង់សេ។ អីញ្ចឹងពេលវានៅគ្រាន់បើអីញ្ចឹង ហើយវាជាការលើកទឹកចិត្តមួយដល់យុវជន តាមរយៈសិស្សានុសិស្ស សម្រាប់ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា”។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានអះអាងថា ការសម្រេចបែបនេះព្រោះជាសិទ្ធិអ្នកនយោបាយដែលជាអ្នកកាន់ដឹកនាំប្រទេស។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលនេះដែរ ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះថា ក្រសួងអប់រំ គោរពទទួលអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីសម្រាប់ពិភាក្សាផ្ទៃក្នុងក្រសួង រួចនឹងជម្រាបជូនពីករណីនេះក្នុងពេលឆាប់ៗ៕