ក្រសួងសុខាភិបាល អំពាវនាវឲ្យអ្នកធ្លាប់ចូលហាងកាហ្វេ Hidden Coffee នៅសង្កាត់ទឹកថ្លា ថ្ងៃទី០៤ ខែធ្នូ ម៉ោង១៥:៣០នាទី ដល់ម៉ោង១៦:០០នាទីរសៀល មកធ្វើតេស្ត និងធ្វើចត្តាឡីស័កនៅផ្ទះ ដោយសារធ្លាប់មានអ្នកជំងឺកូវីដ១៩ទៅផឹកកាហ្វេនៅទីនោះ
នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីការជាសះស្បើយជំងឺកូវីដ១៩ចំនួន០៧នាក់ និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយនោះគឺមាន៥នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង២នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាឡើយ។

ក្រសួងបានបញ្ជាក់ផងដែរថា ដោយសារតែមានបុរសជាអ្នកជំងឺកូវីដ១៩ម្នាក់ (មុនពេលរកឃើញថាមានវិជ្ជមានកូវីដ១៩) ធ្លាប់ទៅអង្គុយពិសារកាហ្វេនៅហាងឈ្មោះ Hidden Coffee ដែលមានទីតាំងនៅហាងលេខ ១២៥ ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ វេលាម៉ោង១៥៖៣០នាទី នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានចូលទៅហាងកាហ្វេនេះ នៅថ្ងៃទី០៤ ខែធ្នូ វេលាម៉ោង១៥៖៣០នាទី ដល់ម៉ោង១៦៖០០នាទីរសៀល អញ្ជើញទៅធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពជាសាធារណៈរៀងរាល់ម៉ោងធ្វើការ និងសូមលោកអ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនឲ្យបានគ្រប់ចំនួន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវតាមដានសុខភាពផ្ទាល់ខ្លួនឲ្យបានហ្មត់ចត់បំផុត ប្រសិនបើមានបញ្ហាសុខភាព សូមទាក់ទងទៅក្រសួងសុខាភិបាល៕
