បុរស៣នាក់ជិះម៉ូតូសុខៗ ស្រាប់តែមានបុរសម្នាក់កំពុងអង្គុយមុខផ្ទះមកស្រែកជេរ ហើយដកកាំភ្លើងខ្លីចេញពីចង្កេះគំរាមទៀតផង នៅខណ្ឌទួលគោក
ភ្នំពេញ ៖ បុរស៣នាក់ទើបចេញពីកន្លែងលេងកីឡាវិញដោយជិះម៉ូតូ២គ្រឿងមកផ្ទះវិញ ប៉ុន្តែស្រាប់តែមានបុរសម្នាក់អង្គុយលើបង់មុខផ្ទះ បានស្រែកជេរហើយអ្នកទាំង៣នាក់នោះ បត់ត្រលប់ក្រោយចុះមកសួរនាំ ក៏ទាស់ម្ដីគ្នារហូតឈានដល់ដកកាំភ្លើងខ្លី មកគំរាមតែមិនទាន់បានបាញ់នោះទេ ធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១:១៥នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅតាមផ្លូវលេខ៦១២ មុខផ្ទះលេខ១៧C ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមសម្ដីរបស់បុរសទាំង៣នាក់នោះបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ទាំង៣នាក់ ទើបចេញពីលេងកីឡាវិញ បានជិះម៉ូតូ២គ្រឿង (មួយគ្រឿងម៉ាកកូនទា ពណ៌ស គ្មានស្លាកលេខជិះឌុបគ្នា២នាក់ និងមួយគ្រឿងទៀតម៉ាក Zoomer-X ពណ៌ស ជិះម្នាក់ឯង) បំណងជូនមិត្តភក្តិម្នាក់ទៅឃ្លាំងឡានមួយកន្លែង នៅជិតកន្លែងកើតហេតុរំលងមួយផ្លូវ ដោយធ្វើដំណើរមកតាមបណ្ដោយផ្លូវលេខ៦១២ ក្នុងទិសដៅពីជើងទៅត្បួង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់អង្គុយ នៅបង់មុខផ្ទះកើតហេតុ បានស្រែកជេរមកលើពួកគាត់ ខណ:ដែលពួកគាត់មិនបានធ្វើខុសអ្វីសោះ ខណៈជិះហួសបន្តិចទើបធ្វើឲ្យពួកគាត់មានចិត្តខឹង ក៏ត្រលប់ក្រោយរួចចុះទៅសួរនាំ ស្រាប់តែបុរសដែលជាម្ចាស់ផ្ទះបានដកកាំភ្លើងខ្លីចេញពីចង្កេះធ្វើឱ្យពួកគាត់ទាំង៣នាក់ មានការភ័យខ្លាចទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមកជួយធ្វើអន្តរាគមន៍។
ចំណែកភាគីម្ខាងទៀតជាម្ចាស់ផ្ទះបានឱ្យដឹងថា រូបគាត់បានអង្គុយនៅមុនផ្ទះស្រាប់តែលេចមុខបុរស៣នាក់ជិះម៉ូតូ២គ្រឿងកាត់មុខផ្ទះគាត់ ដោយឮសំឡេងម៉ូតូខ្លាំងពេក ទើបគាត់ស្រែកថាឲ្យ ស្រាប់តែបុរសទាំង៣នាក់នោះ ជិះម៉ូតូទៅជិតដល់ផ្លូវកែងហើយ ក៏នាំគ្នាជិះត្រឡប់ក្រោយសំដៅមករកគាត់ ពេលឃើញសភាពដូចមិនសូវស្រួល ទើបគាត់ចូលទៅយកកាំភ្លើងខ្លីដើរចេញមកក្រៅដើម្បីការពារខ្លួន បង្កឱ្យមានការឈ្លោះប្រកែកគ្នាយកត្រូវរៀងៗខ្លួន រហូតភ្ញាក់ផ្អើលដល់ក្រុមអ្នកសារព័ត៌មានជាច្រើនស្ថាប័នចុះមកសួរនាំហេតុការណ៍ រួច Live ផ្សាយផ្ទាល់ជាបន្តបន្ទាប់ ទើបឃើញសមត្ថកិច្ចប៉ុស្តិ៍ទឹកបឹងកក់ទី២ ចុះមកធ្វើអន្តរាគមន៍ យកភាគីទាំងសងខាងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២ដើម្បីធ្វើការសម្របសម្រួលគ្នា។
តែក្រោយពេលមកដល់ប៉ុស្តិ៍ ដោយមិនចង់មានរឿងវែងឆ្ងាយ លុះមួយសន្ទុះក្រោយមកភាគីខាងម្ចាស់ផ្ទះចេញថ្លៃបង់ជំងឺចិត្ត៥០០ដុល្លារទៅឱ្យបុរសទាំង៣នាក់នោះដើម្បីបញ្ចប់រឿងតែម្ដង៕

ដោយ៖ បងម៉េង ខ្មែរណូត