ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ទីក្រុងតូក្យូរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីច្រើនជាង ៨០០នាក់ ខណៈកំពុងប្រកាសភ្លើងក្រហមសម្រាប់ប្រព័ន្ធវេជ្ជសាស្ត្ររបស់ខ្លួន

    BY autoadmin December 17, 2020
    ទីក្រុងតូក្យូរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីច្រើនជាង ៨០០នាក់ ខណៈកំពុងប្រកាសភ្លើងក្រហមសម្រាប់ប្រព័ន្ធវេជ្ជសាស្ត្ររបស់ខ្លួន

    រដ្ឋាភិបាលក្រុងតូក្យូបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រព័ន្ធវេជ្ជសាស្ត្ររបស់ខ្លួនកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដែលធ្វើឱ្យខ្លួនត្រូវបង្កើនកម្រិតប្រុងប្រយ័ត្នដល់កម្រិតខ្ពស់បំផុតទី៤ ខណៈចំនួនករណីបានកើនឡើងកាន់តែខ្ពស់។ រដ្ឋាភិបាលបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ចំនួន ៨២២ ករណី ដែលជាការកើនឡើងប្រមាណ ១៤៤ ករណី ពីថ្ងៃពុធ។ ចំនួននេះគឺជាលទ្ធផលចេញពីការធ្វើតេស្តលើពលរដ្ឋចំនួន ១០ ៩០៩ នាក់ ដែលធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ។ ដូច្នេះចំនួននេះបានធ្វើឱ្យទីក្រុងតូក្យូតែមួយ មានករណីជំងឺ COVID-19 សរុបរហូតដល់ ៤៩ ៤៩០ ករណី។

    បើគិតតាមក្រុមអាយុករណីខ្ពស់បំផុតគឺមនុស្សដែលមានអាយុ ២០ឆ្នាំ ដោយមាន ២០១នាក់ បន្ទាប់មកគឺ ១៦៩នាក់ សម្រាប់មនុស្សក្នុងវ័យ ៣០ឆ្នាំ ខណៈ ១២៣នាក់ សម្រាប់ក្នុងវ័យ ៤០ឆ្នាំ និង ១១៣នាក់ ក្នុងអាយុ ៥០ឆ្នាំ។ មន្ត្រីសុខាភិបាលបាននិយាយថា ចំនួនអ្នកឆ្លងជំងឺធ្ងន់ធ្ងរនៅមន្ទីរពេទ្យនៅទីក្រុងតូក្យូមានចំនួន ៦៦នាក់ ពោលគឺធ្លាក់ចុះ ៣នាក់ ពីថ្ងៃពុធ។

    នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យជំងឺឆ្លង ដែលចូលរួមដោយអភិបាលក្រុង Yuriko Koike មន្ត្រីសុខាភិបាលបាននិយាយថា វាពិបាកក្នុងការថ្លឹងថ្លែងលើការព្យាបាលអ្នកជំងឺ COVID-19 ឱ្យដូចធម្មតាខ្លាំងណាស់ ខណៈដែលគ្រែមន្ទីរពេទ្យត្រូវបានបំពេញ ដែលវាជាសញ្ញាភ្លើងពណ៌ក្រហមសម្រាប់ការប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេសនេះជាលើកដំបូង។

    លោក Masataka Inokuchi អនុប្រធានសមាគមវេជ្ជសាស្ត្រទីក្រុងតូក្យូបានថ្លែងថា៖ «អ្នកផ្តល់សេវាវេជ្ជសាស្រ្តបានអស់ធនធាន។ ដូច្នេះការកាត់បន្ថយចំនួនអ្នកជំងឺ (COVID-19) គឺជាមធ្យោបាយតែមួយគត់ដែលត្រូវធ្វើនៅពេលខាងមុខ»។ ជម្រាបដែរថាទីក្រុងតូក្យូមានគ្រែប្រហែលជា ៣ ០០០ សម្រាប់ត្រៀមបម្រុងឱ្យអ្នកជំងឺ COVID-19 ខណៈដែលមន្ត្រីសុខាភិបាលបាននិយាយថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូ មានមនុស្ស ២ ០៤៩ នាក់ កំពុងប្រើប្រាស់គ្រែទាំងនោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Japan Today

    Share This Post: