អាជ្ញាធរខេត្តកំពង់ឆ្នាំង ប្រមូលស្រាស ស្រាថ្នាំ មេស្រា ចំនួន៣៨៩៥លីត្រ និង៥៣២កានទៅបំផ្លាញចោល បន្ទាប់ពីផ្ទុះករណីពុលស្រាសបណ្ដាលឲ្យបាត់បង់ជីវិត និងមានអាការៈពុលធ្ងន់ស្រាលជាង១០០នាក់ទៀតនៅស្រុកទឹកផុស
ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៍មានខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ កាលម្សិលមិញបានឲ្យដឹងថា៖ អាជ្ញាធរខេត្ត និងសមត្ថកិច្ចប្រមូលបានស្រាស ស្រាថ្នាំ មេស្រា នៅទូទាំងខេត្ត ក្រោយពេលដែលផ្ទុះករណីពុលស្រាបង្កឱ្យមនុស្សស្លាប់ និងមានអាការៈពុល ធ្ងន់ និងស្រាលនោះ អាជ្ញាធរគ្រោងនឹងបំផ្លាញចោល នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ នៅភូមិត្រពាំងតាសុក ឃុំព្រៃមូល ស្រុករលាប្អៀរ។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីមន្ត្រីរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២០ នៅស្រុកទឹកផុស មានករណីពុលស្រាស បង្ករឱ្យមនុស្សស្លាប់ចំនួន ០៨នាក់ និងមានអាការៈពុលធ្ងន់ និងស្រាល ជាង ១០០នាក់ បានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ចំពោះស្រាដែលប្រជាពលរដ្ឋផឹកនោះត្រូវបានស្ថាប័នជំនាញបញ្ជាក់ថា មានមេតាណុលកម្រិតខ្ពស់ ៕




