ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជីវិតផុយស្រួយមែន! រថយន្តកុងតឺន័រមួយគ្រឿង បានឆក់យកអាយុជីវិតមន្ត្រីយោធាស័ក្តិ៣ ម្នាក់ ដែលកំពុងតែបើកបរលើដងផ្លូវ

    BY Khmernote Media December 18, 2020
    ជីវិតផុយស្រួយមែន! រថយន្តកុងតឺន័រមួយគ្រឿង បានឆក់យកអាយុជីវិតមន្ត្រីយោធាស័ក្តិ៣ ម្នាក់ ដែលកំពុងតែបើកបរលើដងផ្លូវ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលជាមន្ត្រីយោធាបានជិះម៉ូតូ PCX មួយគ្រឿងតាមផ្លូវបែរជាត្រូវរថយន្តកុងតឺន័រ បើកកៀរឲ្យដួលនិងកិនបណ្ដាលឲ្យបែកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ហើយបន្ថែមល្បឿនបើករត់គេចបាត់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង០៩:៤០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ត្រង់ចំណុចក្បែរស្ថានីយ៍បូមទឹកបឹងត្របែក ផ្លូវ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    សពជនរងគ្រោះមានឈ្មោះ ប៉ាង បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាមន្ត្រីយោធា មានឋានន្តរស័ក្តិ អនុសេនីយ៍ឯក (ស័ក្តិ៣) មានស្រុកកំណើតនៅឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងស្នាក់នៅផ្ទះលេខ០៦៣ ផ្លូវលំ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

    យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុនិងបានឃើញហេតុខាងលើនេះបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាក Honda PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HI-9936 បានធ្វើដំណើតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីលិចមកកើត ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំប្រភេទសណ្ដោងទូកុងតឺន័រ (មិនស្គាល់ម៉ាក) បានធ្វើដំណើរស្របគ្នាមកពីក្រោយ ហើយបានកៀរម៉ូតូជនរងគ្រោះខាងលើបណ្ដាលឲ្យដួលអូស ប្រហែល១០ម៉ែត្រ ឯជនរងគ្រោះបានខ្ទាតមកកណ្ដាលផ្លូវ ក៏ត្រូវរថយន្តបង្កកិនចំកង់ក្រោយបែកក្បាលព្រមទាំងបែកមួកសុវត្តិភាព ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្កបានបន្ថែមល្បឿនបើកទៅមុខគេចបាត់ស្រមោលតែម្ដង ។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយជួយសម្រួលចរាចរណ៍ និងទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ជឹម សុភក្ត័ អធិការរងទទួលផែនចរាចរណ៍ខណ្ឌមានជ័យ ចុះមកធ្វើការវាស់វែង និងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្ន ចំណែកឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: