ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចោរអស់លក្ខណ៍លួចចំម៉ូតូខូច បណ្តើរយកទៅទុកចោល ត្រូវប្រជាពលរដ្ឋតាមរកឃើញស្វាគមន៍ម្នាក់មួយដៃមួយជើង រួចប្រគល់ឲ្យសមត្ថកិច្ច

    BY Khmernote Media December 18, 2020
    ចោរអស់លក្ខណ៍លួចចំម៉ូតូខូច បណ្តើរយកទៅទុកចោល ត្រូវប្រជាពលរដ្ឋតាមរកឃើញស្វាគមន៍ម្នាក់មួយដៃមួយជើង រួចប្រគល់ឲ្យសមត្ថកិច្ច

    ទុកក្បែរខ្ទមអ្នកតា ត្រូវម្ចាស់ម៉ូតូនិងអ្នកភូមិដែលស្អប់ចោរ ជួយដេញចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម

    ភ្នំពេញ ៖ ជនសង្ស័យដែលជាជនជាតិវៀតណាមកាត់ខ្មែរ២នាក់ បានធ្វើសកម្មភាពលួចម៉ូតូ SL មួយគ្រឿងដែលម្ចាស់ទុកចោលក្រៅផ្ទះ នៅច្រកដឿងហែមជាប់ខ្ទមអ្នកតាខ្ញីយាយពៅ ដោយមានការទំនាក់ទំនងល្អរវាងបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាននោះ ឃើញជនសង្ស័យនាំគ្នាបណ្ដើរយកទៅទុកចោល នៅម្ដុំតារាងបាល់ មាត់ទន្លេ ហើយបានគេចខ្លួនដើរតាមផ្លូវធ្វើជាមិនដឹងអ្វី ទើបប្រជាពលរដ្ឋនាំគ្នាជិះដេញតាមចាប់បាន និងស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង រួចប្រគល់ឲ្យសមត្ថកិច្ចវាយខ្នោះយកទៅសាកសួរភ្លាមៗនៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមផងដែរ ។

    ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង០៣ទាបភ្លឺ ឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចមុខដេប៉ូខ្សាច់មួយកន្លែង នៅលើកំណាត់ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

    ជនសង្ស័យទី១មានឈ្មោះ សុខ ម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម សញ្ញាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ទី២.មានឈ្មោះ សុខ វី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម សញ្ញាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

    ចំណែកឯជនរងគ្រោះមានឈ្មោះ ថៃ ផានុន ហៅតក់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាអ្នកសារព័ត៌មាន ស្នាក់នៅបន្ទប់ជួល ច្រកដឿងហែមជិតខ្ទមលោកតាខ្ញីយាយពៅ ខាងត្បូងអនុវិទ្យាល័យហ៊ុនសែនចាក់អង្រែ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជាម្ចាស់ម៉ូតូម៉ាក LS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1CS-5656។

    តាមស្តីពីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យក្រុមការងារខ្មែរណូតយើងថា ម៉ូតូរបស់ជនរងគ្រោះគឺបានខូច បញ្ឆេះមិនឆេះ និងមិនអាចធ្វើការជួយជុលឲ្យឆេះដំណើរការបានវិញនោះទេ ។ ហើយគាត់ក៏បានយកម៉ូតូនោះទៅចតទុកចោលនៅជិតបន្ទប់ជួលច្រកដឿងហែមជិតខ្ទមលោកតាខ្ញីយាយពៅខាងលើ អស់រយៈពេលប្រមាណជិត៣ខែមកហើយ។

    ប្រភពដដែលបន្តថា នៅយប់ថ្ងៃកើតហេតុគាត់ក៏បានចេញពីបន្ទប់ជួលទៅធ្វើការដូចយប់ធម្មតា ដោយទុកម៉ូតូខាងលើចោលដូចសព្វដង។ លុះដល់វេលាកើតហេតុ ក៏ស្រាប់តែមានអ្នករត់កង់បីម្នាក់មានឈ្មោះ ភី រុន ហៅទន់ អាយុ២៩ឆ្នាំ បានទូរស័ព្ទមកប្រាប់ឈ្មោះ ម៉េង ដែលជាបងៗជនរងគ្រោះ ហើយប្រាប់ថា “ប្រទះឃើញជនសង្ស័យ ចំនួន២នាក់ខាងលើ កំពុងបណ្តើរម៉ូតូម៉ាក SL មួយគ្រឿង ដូចជាម៉ូតូរបស់ប្អូនឯងចឹង ដោយបណ្តើរមកតាមផ្លូវ៣០ម៉ែត្រ ពីលិចមកកើត ឆ្លងទៅខាងកើតផ្លូវជាតិលេខ២ និងបានបណ្ដើរចូលផ្លូវដឿងហែម ចុះទៅប្លុកភូមិវៀតណាម(មាត់ទន្លេ)”។ ខណៈពេលដែលបុរសជាមិត្តភក្តិរបស់ជនរងគ្រោះនោះ កំពុងឈប់ចតម៉ូតូកង់បីរង់ចាំដឹកភ្ញៀវ នៅអែបភោជនីយដ្ឋាន មុខវត្តចាក់អង្រែក្រោម។ ទើបឈ្មោះម៉េង ទាក់មកទៅប្រាប់អោយជនរងគ្រោះ ជិះម៉ូតូទៅមើលផងដែរ រួចជនរងគ្រោះក៏ប្រញាប់ប្រញាល់ជិះទៅមើលម៉ូតូដែលទុកក្បែរខ្ទមអ្នកតា តែមិនឃើញម៉ូតូទើបដឹងថាម៉ូតូនោះមានគេលួចយកទៅបាត់ទៅហើយ។ ភ្លាមនោះជនរងគ្រោះក៏ប្រញាប់ប្រញាល់ជិះដេីររកជាមួយនឹងមិត្តភក្កិរបស់ជនរងគ្រោះ និងអ្នកភូមិក្បែរនោះ ដើម្បីតាមរកម៉ូតូខាងលើ ប្រទះឃើញម៉ូតូដែលទៅជនសង្ស័យយកទៅប្លុងចោល នៅដីឡូត៍តារាងបាល់ខាងក្រោយគ្លីនិកចាក់អង្រែ និងទំនាក់ទំនងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម ឱ្យចុះមកជួយធ្វើការអន្តរាគមន៍ ព្រោះខ្លាចមានជនសង្ស័យពួនក្បែរៗម៉ូតូនោះ ក្រោយពីសមត្ថកិច្ចបានចុះមកទីតាំងខាងលើ តែមិនឃើញជនសង្ស័យឡើយ ហើយក៏បានយកម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកបណ្ដោះអាសន្ន នៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោមផងដែរ។

    ដោយសារមិនអស់ចិត្តព្រោះរកជនសង្ស័យមិនឃើញ តែដោយមានការទំនាក់ទំនងល្អរវាងបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាននោះ ទើបជនរងគ្រោះនិងមិត្តភក្តិបាននាំគ្នាជិះម៉ូតូដើររកជនសង្ស័យបន្តទៀត តែដូចការសង្ស័យមែន អ្នកភូមិដែលស្អប់ចោរបានប្រាប់ថាឃើញ ជនសង្ស័យទាំងពីរនាក់ កំពុងធ្វើដំណើរដោយថ្មើរជើងទៅដល់ចំណុចកើតហេតុខាងលើ ហើយក៏ធ្វើការចាប់ឃាត់ខ្លួនបានតែម្ដង ដោយបានស្វាគមន៍ម្នាក់មួយដៃមួយជើង និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើឱ្យចុះមកជួយធ្វើការអន្តរាគមន៍។

    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

    ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម យកទៅសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំធ្វើការចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: