រថយន្ដដឹកដែកអេតចាយសំពីងសំពោង ទាក់ខ្សែភ្លើងដាច់ខ្សែរឹតធ្លាក់កន្ត្រកដែកធំមួយ រមៀលប៊ិះត្រូវអ្នកលក់ត្រី ហើយរថយន្តបត់មិនប្រយ័ត្ន វាត់កន្ទុយដែកត្រូវទូកញ្ចក់ផ្ទះប្រជាពលរដ្ឋបែកខ្ទេចទៀត
រាជធានីភ្នំពេញ ៖ រថយន្តធុនធំដឹកដែកអេតចាយ សំពីងសំពោង ចងខ្សែរឹតតូចៗពេក ខណៈបើកចូលផ្លូវក្នុងភូមិ ទាក់ខ្សែភ្លើងដាច់ខ្សែរឹត ធ្លាក់កន្ត្រកដែកដ៏ធំមួយចំសំយ៉ាបផ្ទះ តែសំណាងមានអ្នកឃើញស្រែកឲ្យអ្នកលក់ត្រីរត់គេចទាន់ពេល ទើបរមៀលធ្លាក់ចំចានដែកអ្នកលក់ត្រីខ្ទេច ហើយពេលបើកបត់មិនប្រយ័ត្នទៀត បណ្ដាលឲ្យវាត់កន្ទុយដែក ប៉ះទូកញ្ចក់ហាងកាត់ដេរបែកខ្ទេចរាយបាយពេញផ្លូវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង០៧:៤៥នាទីយប់ ថ្ងៃសៅរិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចមុខAMK ហៀកហុង ស្ថិតនៅតាមផ្លូវបេតុង(ចូលផ្សារដីថ្មី) ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សាក្សីពីបងស្រីអ្នកលក់ត្រីម្នាក់ដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតថា នៅមុនពេលកើតហេតុ នៅចំណុចផ្លូវបេតុងចូលផ្សារដីថ្មីខាងលើ គឺមានបងប្អូនប្រជាពលរដ្ឋដាក់លក់ដូរបន្លែត្រីសាច់មួយកញ្ច្រែង ឬមួយចានដែកបន្តបន្ទាប់គ្នា លុះមកដល់វេលាម៉ោងកើតហេតុ គេឃើញរថយន្តធុនធំមួយគ្រឿង ម៉ាកហ៉ីយ៉ានដាយ (Hyundai) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-4282 ដឹកដែកអេតចាយចាស់ៗរាប់តោន មើលទៅយ៉ាងសំពីងសំពោង តែឃើញចងខ្សែរឹតតូចៗ ខណៈបើកចូលផ្លូវបេតុង(ផ្សារដីថ្មី) មកដល់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្ន ស្រាប់តែទាក់ខ្សែភ្លើងដាច់ខ្សែរឹត ធ្វើឲ្យធ្លាក់កន្ត្រកដែកដ៏ធំមួយចំសំយ៉ាបផ្ទះផ្ទេរវេរលុយមួយកន្លែងយីហោ AMK ហៀងហុក (កន្លែងកើតហេតុ) តែសំណាងមានអ្នកឃើញស្រែកឲ្យអ្នកលក់ត្រីនៅពីក្រោមសំយ៉ាបនោះរត់គេចទាន់ពេល ទើបកន្រ្តកដែកនោះរមៀលធ្លាក់ចំចានដែកលក់ត្រីខ្ទេច បន្ទាប់មករថយន្តបានបន្តដំណើរទៅរកកន្លែងចតសិន ចាំមកដោះស្រាយវិញ ស្រាប់តែបើកបត់ឆ្វេងមិនប្រយ័ត្នទៀត បណ្ដាលឲ្យវាត់កន្ទុយដែក ប៉ះទូរកញ្ចក់ហាងកាត់ដេរយីហោ ហ៊ត់ សិរី កាត់ដេរ បណ្ដាលឲ្យបែកកញ្ចក់ទូរតាំងសម្លៀតបំពាក់ បែកខ្ចាយរាយបាយពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនអ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យ៣ ចុះមកអន្តរាគមន៍ភ្លាមៗផងដែរ។
ភ្លាមៗនោះអ្នកបើកបររថយន្តបង្កបានចុះមកដោះស្រាយជាមួយភាគីរងគ្រោះជាបន្តបន្ទាប់ តែនិយាយមិនត្រូវគ្នាទេ ហើយបានទាក់ទងប្រាប់កូនប្រុសឲ្យមកជួយទទួលដោះស្រាយវិញ ទើប
ខណៈពេលសមត្ថកិច្ចចុះមកដល់ បានឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាមួយជំហានសិន ដោយចំណាយពេលរហូតដល់ជាងមួយម៉ោង ទើបចរចារគ្នាត្រូវ ហើយទូរស័ព្ទប្រាប់ទៅមេ អោយវេរលុយតាមABA មកសងជនរងគ្រោះដើម្បីបញ្ចប់រឿង ។
ក្រោយកើតហេតុ ដោយសារតែភាគីខាងរថយន្តបង្កព្រមទទួលខុសត្រូវ និងយល់ព្រមសង់សំណងទៅអោយម្ចាស់ហាងកាត់ដេរចំនួន៣០០ដុលា្លរ និងសង់ទៅកាន់អ្នកលក់ត្រី និងម្ចាស់ផ្ទះវេរលុយចំនួន៣០០ដុល្លារទៀត ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕

ដោយ៖ បងម៉េង ខ្មែរណូត