ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រោះថ្នាក់ណាស់! រកឃើញទំនិញ៧មុខ ស្មើនឹង ៤៣.១២គីឡូក្រាម ហួសកាលបរិច្ឆេទ ដាក់លក់នៅផ្សារមួយនេះ

    BY Khmernote Media December 22, 2020
    គ្រោះថ្នាក់ណាស់! រកឃើញទំនិញ៧មុខ ស្មើនឹង ៤៣.១២គីឡូក្រាម ហួសកាលបរិច្ឆេទ ដាក់លក់នៅផ្សារមួយនេះ

    ខេត្តក្រចេះ៖ នៅ ថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តក្រចេះ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារ នៅផ្សារអូរឫស្សី និងដេប៉ូតាមផ្លូវជាតិលេខ ៧A ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ។

    ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

    ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៧មុខ ដូចជា៖
    – ទឹកក្រូចដប ចំណុះ ៣៥០មីលីលីត្រ ចំនួន ៤៤ដប
    -ភេសជ្ជៈប៉ូវកម្លាំង ចំណុះ ៣៣០មីលីលីត្រ ចំនួន ២០កំប៉ុង
    -ភេសជ្ជៈប៉ូវកម្លាំង ចំណុះ ៤៨០មីលីលីត្រ ចំនួន ២៤ដប
    -ស្ករគ្រាប់ ទម្ងន់ ៣៨០ក្រាម ចំនួន ២កញ្ចប់
    -ចាហ៊ួយក្មេង ទម្ងន់ ៥០០ក្រាម ចំនួន ១៧យួរ
    -ម្សៅស៊ុប ទម្ងន់ ១៧ក្រាម ចំនួន ២០កញ្ចប់
    សរុបទំនិញដកហូតបានទាំងអស់សរុបចំនួន ៧មុខ ស្មើនឹង ៤៣.១២គីឡូក្រាម។

    បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

    Share This Post: