ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងអាយុ១៣ឆ្នាំ ហ៊ានលួចម៉ូតូបុគ្គលិកតខ្សែកាប ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោចាប់ជាប់

    BY Khmernote Media December 23, 2020
    ក្មេងអាយុ១៣ឆ្នាំ ហ៊ានលួចម៉ូតូបុគ្គលិកតខ្សែកាប ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោចាប់ជាប់

    រាជធានីភ្នំពេញ៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលួចកាច់កម៉ូតូប្រជាពលរដ្ឋបានសម្រេច ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៥០នាទី ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ខេត្តនៅត្រង់ចំណុចក្បែររង្វង់មូលគូរស្រូវ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ។

    ជនសង្ស័យទាំង ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន៖
    ទី១.ឈ្មោះ សំរិត ចាវ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ
    ទី២.ឈ្មោះ ម៉ក់ លាងហេង អាយុ១៣ឆ្នាំ មុខរបរពិតប្រាកដ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ។
    ចំណែកជនរងគ្រោះមានឈ្មោះ កយ បូរិន្ទ អាយុ២៩ឆ្នាំ មុខរបរជាអ្នកតខ្សែកាប ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

    បើតាមសម្ដីបុរសដែលជាម្ចាស់ម៉ូតូបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីម សង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក្យស្លាកលេខបាត់ដំបង 1Q-8191 មកឡើងតខ្សែកាបតែមិនបានដកសោម៉ូតូចេញពីម៉ូតូនោះទេ ខណៈពេលដែលគាត់ឡើងបានប្រហែលជាកម្ពស់៣ម៉ែត្រ ក៏មានជនសង្ស័យពីរនាក់ បានមកសួរនាំគាត់ពីនេះពីនោះ ពេលនោះគាត់ក៏បានឡើងទៅលើបង្គោលភ្លើងប្រហែលជា៥ម៉ែត្រស្រាប់តែជនសង្ស័យទាំងពីរនាក់នេះបានធ្វើសកម្មភាព បញ្ចេះម៉ូតូរបស់គាត់ ហើយឡើងជិះបំណងគេចខ្លួន ពេលនោះគាត់ក៏ស្រូតចុះមកវិញ នឹងស្រែកថាចោរៗ ខណៈពេលនោះក៏កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស កំពុងតែជិះម៉ូតូល្បាតក៏ដេញតាម និងបោះដៃតាមវិទ្យុទាក់ទងឱ្យសមត្ថកិច្ចនគរបាលខណ្ឌដង្កោជួយស្ទាក់ ដេញតាមជនសង្ស័យរហូតមកដល់ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ទើបជនសង្ស័យទាំងពីរនាក់បានផ្ដួលម៉ូតូរត់ចូលក្នុងទឹកបឹង ពេលនោះសមត្ថកិច្ចឡោមព័ទ្ធចាប់បានជនសង្ស័យទាំងពីរនាក់ដែលក្នុងនោះមានម្នាក់ទើបតែអាយុ១៣ឆ្នាំនោះទេ។

    បើតាមសំដីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានប្រាប់ក្រុមការងារយើងឱ្យដឹងថា ដោយសារតែមានជនសង្ស័យម្នាក់ទើបតែអាយុ១៣ឆ្នាំ ជាអនីតិជន លោកមិនទាន់សម្រេចបញ្ជូនឬយ៉ាងណានោះទេ ចាំឆ្លងយោបល់ពីថ្នាក់លើសិន ដោយសារតែជនសង្ស័យរូបនេះមិនទាន់គ្រប់អាយុ។ ចំណែកជនសង្ស័យដែលមានឈ្មោះ សំរិត ចាវ អាយុ២០ឆ្នាំ លោកបានបញ្ជាឲ្យជំនាញព្រហ្មទណ្ឌខណ្ឌ កសាងសំណុំរឿងនិងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: