ក្រសួងការងារកម្ពុជា ណែនាំវិធានការ៧ចំណុចដល់បងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ និង០៧ចំណុចទៀតសម្រាប់អ្នកចាំបាច់ត្រូវតែវិលត្រឡប់មកស្រុកកំណើតវិញ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញវិធានការណែនាំដល់ពលករខ្មែរកំពុងស្នាក់នៅប្រទេសថៃ និងផ្អាកការបញ្ជូនពលករទៅថៃជាបណ្តោះអាសន្ន ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ នៅខេត្តសាមុតសាខន ប្រទេសថៃ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលវិទ្យុជាតិកម្ពុជាទទួលបានបានឱ្យដឹងថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារសុខភាព សុវត្ថិភាព និងជីវភាពរបស់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃក្នុង អំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ ក្នុងខេត្តសាមុតសាខននៃប្រទេសថៃនោះ ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ សូមជូនដំណឹងដល់បងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមអនុវត្តឱ្យបានល្អនូវអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសគឺត្រូវរក្សាភាពនឹងនរ និងជឿជាក់លើសមត្ថកិច្ចថៃក្នុងការគ្រប់គ្រង បង្ការ និងព្យាបាលជំងឺកូវីដ-១៩។ សូមរក្សាប្រក្រតីភាពការងារ កុំផ្លាស់ប្តូរកន្លែងស្នាក់នៅ ឬកន្លែងធ្វើការងារពីខេត្តមួយទៅខេត្តមួយ ដែលខុសនឹងបម្រាមរបស់អាជ្ញាធរថៃ។ ត្រូវចូលរួមសហការ និងគោរពឱ្យបាននូវរាល់បទបញ្ជា និងវិធានការសុខាភិបាល ដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ចថៃ និងនិយោជកថៃ ។ ត្រូវលាងដៃជាមួយនឹងសាប៊ូ ឬជែលឱ្យបានញឹកញាប់ ពាក់ម៉ាស់ និងរក្សាអនាម័យឱ្យបានល្អនិងជាប្រចាំនៅកន្លែងធ្វើការងារ និងកន្លែងស្នាក់នៅ ព្រមទាំងកុំចេញទៅកន្លែង សាធារណៈ ដែលមានមនុស្សច្រើន។ ត្រូវទាក់ទងទៅស្ថានឯកអគ្គរាជទូត ឬអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ជាបន្ទាន់ក្នុងករណីមានបញ្ហា។
សេចក្តីជូនដំណឹងបន្តថា សម្រាប់បងប្អូនពលករ ដែលចាំបាច់ត្រូវវិលត្រឡប់មកស្រុកកំណើតវិញនោះ ត្រូវជ្រើសរើស ច្រកណាមួយក្នុងចំណោម ច្រកអូស្មាច់ ច្រកដូង និងច្រកប៉ោយប៉ែតជាដាច់ខាត ដែលនៅទីនោះ រាជរដ្ឋាភិបាលមានរៀបចំ ការត្រួតពិនិត្យសុខភាព ដើម្បីការពារសុខភាពរបស់បងប្អូន ក៏ដូចជាបង្ការ និងការពារសុខភាពក្រុមគ្រួសាររបស់បងប្អូនដែល នៅស្រុកកំណើត។ ត្រូវអនុវត្តវិធានការត្រួតពិនិត្យសុខភាព និងត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ទៅតាមការកំណត់របស់ អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន។ ត្រូវប្រើប្រាស់រថយន្តដែលកំណត់ដោយមណ្ឌលចត្តាឡីស័ក ក្រោយពេល បញ្ចប់ការធ្វើចត្តាឡីស័ក ត្រឡប់ទៅភូមិកំណើត។ ត្រូវជូនដំណឹងដល់អាជ្ញាធរភូមិ ឃុំ និងអ្នកជិតខាងឱ្យបានជ្រាបថា ខ្លួនទើបវិលត្រឡប់មកពីប្រទេសថៃ។ ក្នុងករណីមានបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវជូនដំណឹងទៅអាជ្ញាធរភូមិ ឃុំរបស់ខ្លួន ដើម្បីទទួលបានសេវាអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល។
សេចក្តីប្រកាសបន្តថា សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជន និងមន្ត្រីពាក់ព័ន្ធ ត្រូវផ្អាកការបញ្ជូនពលករ MOU និងពលករ តាមរដូវកាលទៅប្រទេសថៃ រហូតដល់មានការជូនដំណឹងជាថ្មី និង ត្រូវបន្តទំនាក់ទំនងជាមួយនិយោជកថៃ ឬសមាគម និយោជកថៃ និងអាជ្ញាធរថៃ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាដើម្បីជួយសម្រួលដល់ពលករ ក្នុងករណីចាំបាច់តាមការ សម្រេចរបស់រាជរដ្ឋាភិបាល ៕


ប្រភព៖ ក្រសួងព័ត៌មាន