ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    បុរសម្នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ ហើយមិនធ្វើចត្តាឡីស័កត្រឹមត្រូវ បានបង្ហោះសារសុំទោស ចំពោះកំហុសឆ្គងរបស់ខ្លួន

    BY Khmernote Media December 23, 2020
    បុរសម្នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ ហើយមិនធ្វើចត្តាឡីស័កត្រឹមត្រូវ បានបង្ហោះសារសុំទោស ចំពោះកំហុសឆ្គងរបស់ខ្លួន

    យោងតាមការបញ្ជាក់ពីលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញដោយមានការចង្អុលបង្ហាញពីឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានសហការជាមួយរដ្ឋបាលខណ្ឌពោធិ៏សែនជ័យ បានចុះទៅអញ្ជើញលោក គង់ រ៉ៃយ៉ា អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយបុរសរូបនេះបានត្រឡប់មកពីប្រទេសថៃតាមច្រកសំពៅលូនខេត្តបាត់ដំបង ដោយមិនបានធ្វើតេស្តរកវីរុសកូវីដ-១៩ និងមិនអនុវត្តចត្តាឡីស័កត្រឹមត្រូវ។ ក្រុមការងារបានអញ្ជើញគាត់និងភរិយាទៅមណ្ឌលសុខភាពចាក់អង្រែ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ និងអនុវត្តចត្តាឡីស័កត្រឹមត្រូវ។

    ក្រោយត្រូវក្រុមការងារមន្ទីរសុខាភិបាល អញ្ជើញទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក កាលពីម្សិលមិញនេះ លោក គង់ រ៉ៃយ៉ា បានបង្ហោះសារសុំទោស ដែលរូបលោកវិលត្រលប់មកថៃ ហើយមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវតាមការណែនាំរបស់ក្រសួង។ លោកបានសរសេរឲ្យដឹងដូច្នេះថា “ខ្ញុំ គង់ រ៉ៃយ៉ា សូមអភ័យទោសចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលខ្ញុំបានត្រឡប់មកពីប្រទេសថៃតាំងពីថ្ងៃទី ០១ វិចិ្ឆកា ២០២០ មកម្ល៉េះ ក៏ប៉ុន្តែខ្ញុំបាទមិនបានចូលខ្លួនធ្វើចត្តាឡីស័កត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលនៅតាមទីតាំងធ្វើចត្តាឡីស័កតាមការកំណត់របស់ក្រសួងសុខាភិបាល។ ខ្ញុំពិតជាមានការសោកស្ដាយចំពោះកំហុសឆ្គងខាងលើនេះនិងសូមសំណូមពរបងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសក្រៅ សូមចូលរួមអនុវត្តន៍គោលការធ្វើចត្តាឡីស័ករបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ដើម្បីការពារសុខភាពរបស់ខ្លួនឯងនិងអ្នកដទៃ”

    Share This Post: