ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តកុងតឺន័របើកកៀរម៉ូតូកង់បី ហើយព្យាយាមបើករត់ទៅកៀរម៉ូតូកម្លាំងកងរាជអាវុធហត្ថខណ្ឌបឹងកេងកងរងការខូចខាត

    BY Khmernote Media December 24, 2020
    រថយន្តកុងតឺន័របើកកៀរម៉ូតូកង់បី ហើយព្យាយាមបើករត់ទៅកៀរម៉ូតូកម្លាំងកងរាជអាវុធហត្ថខណ្ឌបឹងកេងកងរងការខូចខាត

    ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋផ្ទុះកំហឹងវាយទាំងមនុស្សវាយទាំងរថយន្ត បន្ទាប់ពីបើករថយន្តកុងតឺន័រមួយគ្រឿងទៅកៀរម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបណ្ដាលឱ្យរងការខូចខាត។ ហើយព្យាយាមបើករត់គេចទៅកៀរនិងម៉ូតូរបស់កម្លាំងកងរាជអាវុធហត្ថខណ្ឌបឹងកេងកងមួយគ្រឿងទៀត បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ខែធ្នូឆ្នាំ២០២០ត្រង់ចំណុចស្តុបបូកគោ តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តកុងតឺន័រមួយគ្រឿងម៉ាក NISSAN DIESEL ពណ៌បៃតង ជារថយន្តក្រុមហ៊ុនផែស្ងួតតេងឡាយ ពាក់ស្លាកលេខ ភ្នំពេញ3C-6315 ដោយបើកធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត និងក្នុងល្បឿនយ៉ាងលឿនលុះដល់ចំណុចខាងមុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ដោយមិនប្រយ័ត្នរថយន្តនោះក៏បានជ្រុលទៅកៀរចំម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀត មិនចាំស្លាកលេខ ដែលបើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របទិសគ្នា បណ្ដាលឱ្យរងការខូចខាតវាចដំបូល។ ភ្លាមៗនោះរថយន្តបង្កមិនបានឈប់ចុះមកធ្វើការដោះស្រាយគ្នានោះទេ បែរជាព្យាយាមបើករត់គេចខ្លួនបន្តដំណើរឆ្ពោះទៅមុខតាមផ្លូវ២១៧ជាបន្តទៀត ហើយក៏មានប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានជួយជិះម៉ូតូដេញតាមពីក្រោយ បន្ទាប់មករថយន្តបង្កក៏បានបន្តបើកទៅតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូងជាបន្តទៀត។

    ប្រភពដដែលបន្តថា ពេលដែលរថយន្តបង្កព្យាយាមបើករត់ទៅដល់ចំណុចស្តុបទួលទំពូង ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។ រថយន្តបង្កក៏បានកៀរចំម៉ូតូរបស់កម្លាំងកងរាជអាវុធហត្ថខណ្ឌបឹងកេងកងមួយគ្រឿងម៉ាក ណៃហត់ ពណ៌ខៀវ ពាក់ស្លាកលេខ ខេមរភូមិន្ទ09 1-2150 បណ្ដាលឱ្យដួលរងការខូចខាតបាក់ដៃហ្វ្រាំងនិងបែកចង្កៀងខាងក្រោយ ខណៈពេលដែលកម្លាំងកងរាជអាវុធហត្ថខណ្ឌបឹងកេងកង ព្យាយាមបើកដេញតាមនិងស្ទាក់រថយន្តបង្ក។ ភ្លាមៗនោះរថយន្តបង្កនៅតែព្យាយាមបើកបន្តដំណើរទៅមុខជាបន្តទៀត រហូតទៅដល់ចំណុចកើតហេតុទើបអាចធ្វើការស្ទាក់ចាប់បាន។ ហើយដោយប្រជាពលរដ្ឋដែលជិះដេញតាមបានផ្ទុះកំហឹងទៅលើអ្នកបើកបររថយន្ត រួចក៏បានយកដុំថ្មគប់បំបែកកញ្ចក់រថយន្តបណ្តាលឲ្យបែក និងខ្ទាតអំបែងកញ្ចក់រថយន្តត្រូវទៅលើ អ្នកបើកបរនោះបណ្តាលឲ្យរយៈក្បាលឈាមស្រោចខ្លួន។

    បើតាមសម្តីពីបុរសជាអ្នកបើកបររថយន្តបង្កឈ្មោះ ប៉ាច ចិត្ត អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្តក្រុមហ៊ុន តេង ឡាយ ដឹកជញ្ជូន ស្នាក់នៅក្នុងក្រុមហ៊ុនក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយដោយនៅមុនពេលើកើតហេតុ គាត់បានធ្វើដំណើរចេញពីផែស្ងួតតេងឡាយទំនប់កប់ស្រូវ បំណងយកទូរកុងទីន័រទៅដាក់នៅបឹងកេងកង។ ហើយពេលដែលគាត់បើកធ្វើដំណើរគឺគាត់មិនបានដឹងថាគាត់បានកៀរនិងម៉ូតូកង់បីឥណ្ឌាខាងលើនោះទេ។ លុះពេលបើកមកដល់ខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ក៏ស្រាប់តែមានប្រជាពលរដ្ឋជិះម៉ូតូដេញនិងស្រែកឲ្យឈប់ ដែលមានគ្នា២ទៅ៣ម៉ូតូប្រដាប់ទៅដោយដុំថ្មនិងដំបងគ្រប់ដៃ។ ហើយដោយភ័យស្លន់ស្លោខ្លាំងពេក គាត់ក៏ចេះតែបើកបន្តដំណើរទៅមុខជាបន្តទៀត ក្រែងបានជួបនឹងសមត្ថកិច្ច។ រហូតគាត់បើកទៅដល់ចំណុចកើតហេតុ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការស្ទាក់ពីមុខរថយន្តរបស់គាត់តែម្តង។

    ក្រោយកើតហេតុ ក៏មានតំណាងរថយន្តបង្កបានចេញមកធ្វើការដោះស្រាយ ដោយបានចេញសំណងចំនួន១៥០ដុល្លារឲ្យទៅភាគីម៉ូតូកង់បីដើម្បីបញ្ចប់រឿង។ ដោយឡែកម៉ូតូកងរាជអាវុធហត្ថខណ្ឌបឹងកេងកងនិងរថយន្តរួមទាំងអ្នកបើកបរត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងនាំទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: