ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រុសស្រី២នាក់បើករថយន្តឡិចស៊ីសស៊េរីទំនើបយ៉ាងលឿន មិនដឹងឈ្លោះប្រកែកគ្នាក្នុងឡានរឿងអី ធ្វើឲ្យឡានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ហើយខ្ទាតទៅបុកម៉ូតូ រួចបោកផ្ទប់គល់ឈើដាច់កាឡេបើកទៅមុខលែងរួច

    BY Khmernote Media December 24, 2020
    ប្រុសស្រី២នាក់បើករថយន្តឡិចស៊ីសស៊េរីទំនើបយ៉ាងលឿន មិនដឹងឈ្លោះប្រកែកគ្នាក្នុងឡានរឿងអី ធ្វើឲ្យឡានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ហើយខ្ទាតទៅបុកម៉ូតូ រួចបោកផ្ទប់គល់ឈើដាច់កាឡេបើកទៅមុខលែងរួច

    រាជធានីភ្នំពេញ ៖ បន្ទាប់ពីមេឃរលឹមស្រិចៗជិតមួយម៉ោងក្រោយមក មានគ្រោះថ្នាក់ចរាចរណ៍មួយដោយ រថយន្តឡិចស៊ីសស៊េរីទំនើប HS-250h មួយគ្រឿង បើកបរដោយបុរសម្នាក់ ដឹកនារីរូបស្រស់ម្នាក់ទៀត ខណៈពេលកំពុងបើកបរតាមផ្លូវក្នុងល្បឿនលឿន ស្រាប់តែឈ្លោះគ្នាមិនដឹងយ៉ាងម៉េចខ្លះទេ បានជារថយន្តរេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង ប៉ើងខ្ទាតរបាំងថ្មទៅគន្លងម្ខាងទៀតបាក់បែកជាពីរកំណាត់ ចំណែកឯរថយន្តខ្ទាតអូសទៅបុកម៉ូតូមួយគ្រឿងទៀត រួចបោកផ្ទប់គល់ឈើ ដាច់កាឡេកង់មុខបើកទៅមុខលែងរួច តែសំណាងល្អមិនគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ព្រោះផ្ទុះពោងសុវត្ថិភាព ភ្លាមនោះអ្នកបើកបររថយន្តបាននាំគ្នាគេចចេញពីកន្លែងកើតហេតុបាត់ មុនពេលសមត្ថកិច្ចចុះមកដល់ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីម៉ោង០១:៥០នាទីទាបភ្លឺ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី (ត្រង់ចំណុចស្តុបក្ដាន់ពីរ) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    រថយន្តបង្កស៊េរីទំនើប ម៉ាកឡិសស៊ីស (LEXUS HS-250h) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-5253 បើកបរដោយបុរសម្នាក់ រួមដំណើរដោយនារីរូបស្រស់ម្នាក់ទៀត (មិនស្គាល់ទាំងពីរនាក់)។ ចំណែកឯម៉ូតូរបស់ជនរងគ្រោះ ម៉ាក Suzuki Viva ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1A-5612 ។

    បើតាមសម្ដីបុរសម្ចាស់ម៉ូតូមានឈ្មោះ រី អាយុ៣៥ឆ្នាំ ជាបុគ្គលិកប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រី បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ បន្ទាប់ពីមេឃរលឹមស្រិចៗជិតមួយម៉ោងក្រោយមក ដល់ម៉ោងគាត់ចេញធ្វើការប្រមូលសំរាមតាមដងផ្លូវ ហើយគាត់បានយកម៉ូតូមកដាក់អែបចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋ រួចដើរទៅបោសសំរាមប្រមូលទុកម្ដុំ ដើម្បីងាយស្រួលដល់រថយន្តដឹកសំរាមមកប្រមូលយក ស្រាប់តែមានរថយន្តស៊េរីទំនើបខាងលើ បើកបោះពួយក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីកើតមកលិច មកដល់ចំណុចកើតហេតុខាងលើ មិនដឹងមានរឿងអ្វី បែរជារថយន្តរេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង ប៉ើងខ្ទាតរបាំងថ្មទៅគន្លងម្ខាងទៀតបាក់បែកជាពីរកំណាត់ ចំណែកឯរថយន្តមិនទាន់អស់ល្បឿន បានខ្ទាតអូសទៅបុកម៉ូតូមួយគ្រឿងទៀតរបស់បុគ្គលិកក្រុមហ៊ុនសិនទ្រីខាងលើ បណ្ដាលឲ្យដួលផ្ទប់ទ្វារផ្ទះប្រជាពលរដ្ឋ រួចរថយន្តបានបោកផ្ទប់គល់ឈើ បណ្ដាលឲ្យដាច់កាឡេកង់មុខខាងឆ្វេង បើកទៅមុខលែងរួច ខូចខាតយ៉ាងដំណំ តែសំណាងល្អមិនគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ព្រោះផ្ទុះពោងសុវត្ថិភាព ។

    ប្រភពពីម្ចាស់ម៉ូតូប្រាប់ខ្មែរណូតទៀតថា ភ្លាមនោះគាត់ឃើញបុរសដែលជាអ្នកបើកបររថយន្តបង្កបានឈ្លោះប្រកែកគ្នាជាមួយនារីរូបស្រស់ដែលរួមដំណើរជាមួយគ្នាយ៉ាងខ្លាំងផងដែរ ហើយម្ចាស់ម៉ូតូបានអះអាងថា ទំនងជាឈ្លោះប្រកែកគ្នា ពេលបើកបរទើបជ្រុលមកបុករបាំងថ្មដូច្នេះ នេះចាត់ទុកថាសំណាងល្អ ដែលគ្មានឡាន និងម៉ូតូអ្នកដំណើរផ្សេងទៀតនៅពីមុខ និងជិះបញ្ច្រាសមក កុំអីមិនដឹងជាគ្រោះថ្នាក់យ៉ាងណានោះឡើយ បែរជាមកបុកម៉ូតូរបស់គាត់ខូចខាត ក្រោយមកឃើញអ្នកបើកបរបានចុះមកនិយាយជាមួយគាត់ថា នឹងសងថ្លៃខូចខាតសម្រាប់ជួសជុលម៉ូតូចំនួន១០០ដុល្លារផងដែរ ទើបគាត់យល់ព្រម និងសុខចិត្តឈរចាំសំណងផងដែរ។ តែមួយសន្ទុះក្រោយមក គាត់ពិតជាហួសចិត្តនឹងទង្វើរបស់ម្ចាស់រថយន្តយ៉ាងខ្លាំង ព្រោះមុនពេលសមត្ថកិច្ចចុះមកដល់ ស្រាប់តែអ្នកបើកបររថយន្តនិងនារីរូបស្រស់ដែលជាសង្សារ បានអូសក្រឡាឡើងជិះម៉ូតូគេចចេញពីកន្លែងកើតហេតុបាត់អស់ទៅ ។

    ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានប៉ុស្តិ៍ស្រះចក បានសហការជាមួយផ្នែកវាស់វែងចរាចរណ៍ខណ្ឌដូនពេញ បានចុះមកដល់ និងបានសហការប្រគល់ឲ្យសមត្ថកិច្ចជំនាញ ចុះមកស្ទូចយករថយន្តបង្កនេះ និងម៉ូតូរបស់ជនរងគ្រោះ យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តបង្ក ឲ្យចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ទៀតនៅពេលក្រោយ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: