សង្ស័យស្រវឹងស្រា បើករថយន្ត Morning បុករះកង់បីឥណ្ឌា រថយន្តនិងម៉ូតូ ខូចខាតជាច្រើនគ្រឿង របួសម្ដាយនិងកូនស្រីតូច នៅផ្លូវ៣៧១ បង្កអោយស្ទះចរាចរណ៍ជាង១ម៉ោង
រាជធានីភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តMorning បុករះកង់បីឥណ្ឌា ២គ្រឿង រថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង ទៀត បណ្ដាលឲ្យរងការខូចខាត និងបណ្ដាលឲ្យរបួសម្ដាយកូន២នាក់ទៀត បង្កការកកស្ទះចរាចរណ៍ ដល់អ្នកដំណើរ យ៉ាងខ្លាំង ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍ និងសម្រួលចរាចណ៍ផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៧:០៥នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចមុខច្រកចូល រោងចក្រ ស៊ីងឡាងហួរ ផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក Morning ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AX-5504 បើកបរដោយបុរសម្នាក់ មានឯកសណ្ឋានមន្ត្រីយោធាឈ្មោះ ឡុង ផល្លី ឋានន្តរសក្ដិ វរសេនីយ៍ទោ ស័ក្តិ ៤កន្លះ ដែលបំពាក់ខាងក្រោយកៅអីអង្គុយ អ្នកបើកបរផងដែរ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យខ្មែរណូតថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក Morning ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AX-5504 បើកបរដោយបុរសម្នាក់ ទំនងជាស្រវឹងស្រាបានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកពីក្រោយកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HW-1325 ដែលកំពុងបើកឆ្លងកាត់ទទឹងផ្លូវ បណ្ដាលឲ្យរុញទៅបុកប៉ះជាមួយនឹងរថយន្តមួយគ្រឿងទៀត ម៉ាក Ford ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AL-8403 និងកង់បីឥណ្ឌាមួយគ្រឿងទៀត ពណ៌លឿង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កបានបើកថយក្រោយវិញបុកម៉ូតូ Scoopy មួយគ្រឿង ទៀតពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GS-2217 បណ្ដាលឲ្យដួលរងការខូចខាត និងបណ្ដាលឲ្យស្ត្រីជាម្ដាយរងរបួសជើង ដើរមិនរួច និងកូនស្រីអាយុប្រហែល៥ឆ្នាំ ម្នាក់ទៀត របួសរលាត់ដៃរលាត់ជើង និងខ្នង ត្រូវបានបញ្ជូនតាមរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនសួគ៌ា ដឹកយកទៅសង្គ្រោះផងដែរ ។ ហេតុការណ៍នេះបានបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ តែភ្លាមៗនោះគេឃើញមានកម្លាំងល្បាតប៉ុស្តិ៍បឹងទំពុនទី២ ចុះមកជួយអន្តរាគមន៍ និងសម្រួលចរាចណ៍ កុំឲ្យមានការកកស្ទះចរាចរណ៍ផងដែរ។
បច្ចុប្បន្នក្រោយកើតហេតុ ម្ចាស់រថយន្តបង្កបានគេចខ្លួនបាត់ស្រមោល មុនសមត្ថកិច្ចចុះមកដល់មានសាច់ញាតិនិងក្រុមគ្រួសារម្ចាស់រថយន្តបង្ក បានចុះមកជួយដោះស្រាយ សងសំណងទៅកាន់ ភាគីរងគ្រោះទាំងអស់ជាបន្តបន្ទាប់ និងចុងក្រោយទៅសម្របសម្រួលជាមួយភាគីខាងទៀតដែលមានរងរបួស បញ្ជូនទៅដល់មន្ទីរពេទ្យ ដើម្បីបញ្ចប់រឿងមិនរំខានសមត្ថកិច្ចចុះមកវាស់វែងឡើយ ៕











ដោយ៖ បងម៉េង ខ្មែរណូត