រដ្ឋបាលរាជធានីភ្នំពេញគ្រោងស្តារប្រឡាយចំនួន១២ខ្សែនៅឆ្នាំ២០២១ ក្នុងចំណោមប្រឡាយ៣៧ខ្សែ ដេីម្បីសម្រួលប្រពន្ធ័ទឹកឱ្យហូរចេញក្រៅក្រុងបានលឿន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានលេីកឡេីងក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី ២របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញអាណត្តិទី៣នាព្រឹកថ្ងៃទី២៤ ខែធ្នូនេះថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានលើកគម្រោងស្តារប្រឡាយចំនួន ១២ខ្សែក្នុងចំណោមប្រឡាយ ៣៧ខ្សែ ដែលត្រូវស្តារឡើងវិញក្នុងឆ្នាំ២០២១ខាងមុខ ទោះបីយើងជួបការលំបាកលើថវិកា ដោយជួបបញ្ហាផ្ទួនៗ ពិសេសជំងឺកូវីដ-១៩ដែលយើងត្រូវចំណាយច្រើន។

មន្ត្រីដដែលបន្តថា ប្រឡាយបង្ហូរទឹក ក៏ដូចអាងស្តុកទឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានបញ្ហាច្រើន សូម្បីវត្តក៏ចាក់ដីលុប ប្រឡាយដែរ។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា ប្រឡាយប្រមាណ១២ខ្សែនៅប៉ែក ខាងលិចរាជធានីភ្នំពេញ ត្រូវបានគេរំលោភ។ កាលពីជំនន់ទឹកភ្លៀងនាពេលកន្លងមក ពេលយើងចុះទៅកាយស្តារប្រឡាយ រំដោះទឹក គឺមានដីប្រឡាយមួយចំនួនបានក្លាយទៅជាកម្មសិទ្ធរបស់គេទៅហើយ នោះហើយជាបញ្ហា តែទោះបីយ៉ាងណា យើងខិតខំដោះស្រាយឱ្យអស់លទ្ធភាពដែលមាន។
ចំណែក ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងកោតសរសើរដល់ការខិតខំប្រឹងប្រែង របស់រដ្ឋបាលរាជធានីភ្នំពេញក្នុងបុព្វហេតុបម្រើប្រជាពលរដ្ឋ និងលើកទឹកចិត្តឱ្យមានការខិតខំដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋតាមតម្រូវការ និងសំណូមពរឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន