រថយន្តដឹកទឹកកកព្រលះជាមួយរថយន្តកាមរីនៅខេត្តបាត់ដំបង ឆក់យកអាយុជីវិតមនុស្ស០៨នាក់មួយប៉ប្រិចភ្នែក
ខេត្តបាត់ដំបង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងគោយន្តដឹកទំនិញធន់ធ្ងន់(ទឹកកក) និងរថយន្តធុនស្រាល (Camery) បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររថយន្តទាំងសងខាងស្លាប់នៅកន្លែងកើតហេតុចំនួន០៨នាក់ (ស្រី៥នាក់ ប្រុស០៣នាក់) និងបុរសរបួសធ្ងន់ស្រាលចំនួន០២នាក់ ។ នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២១:២០នាទី លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ករណីនេះកម្លាំងនគរបាលចរាចរបានសង្រ្គោះអ្នករងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល រីឯអ្នកស្លាប់ទាំង០៨នាក់ ត្រូវបានសមត្ថកិច្ចចាត់ចែងយកពីក្នុងរថយន្តមកពិនិត្យកោសល្យវិច័យធ្វើកំណត់ហេតុរួច ទើបកម្លាំងចម្រុះជួយដឹកយកទៅតម្កល់ទុក នៅវត្តអូរតាគី ដើម្បីរងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ជាមួយគ្នានោះដែរ សមត្ថកិច្ចបានផ្ដល់លេខទូស័ព្ទសម្រាប់ទំនាក់ទំនងសាកសួរព័ត៌មានពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដេីម្បីងាយស្រួលដល់សាច់ញាតិធ្វើការទំនាក់ទំនង ដោយលេខទូរស័ព្ទអធិការនគរបាលស្រុកថ្មគោល 012511858, លេខប្រចាំបញ្ជារបស់អធិការស្រុកថ្មគោល 0977780137, និងលេខទូរស័ព្ទអធិការរងទទួលបន្ទុកសណ្តាប់ធ្នាប់ 089553363 ៕
