ចោរ២នាក់ជិះម៉ូតូឆក់ទូរស័ព្ទភ្ញៀវជិះកង់៣បានសម្រេច តែត្រូវអ្នកបើកកង់៣ដេញតាមបើកបំបុកឲ្យដួល ហើយប្រតាយប្រតប់បានទូរស័ព្ទមកវិញ ធ្វើឲ្យចោរភ័យរត់ចោលម៉ូតូបាត់
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូ SONIC ឌុបគ្នា ចេញឆក់យកទូរស័ព្ទ Oppo ពីបុរសនារី៣នាក់ កំពុងជិះកង់បីឥណ្ឌា បានសម្រេច តែត្រូវបានម្ចាស់កង់បីបើកបំបុកឲ្យដួល ហើយជនរងគ្រោះនិងអ្នកបើកកង់បី ក៏ចុះទៅប្រតាយប្រតប់គ្នា យកទូរស័ព្ទបានវិញ ហើយស្រែកឆោឡោ “ចោរៗ” ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ នាំគ្នាដោះស្បែករត់គេចខ្លួនចោលម៉ូតូបាត់ស្រមោលអស់ ។ ហេតុការណ៍ឆក់ទូរស័ព្ទបានសម្រេចនេះបានកើតឡើងនៅវេលាម៉ោង០១:៥០នាទីទាបភ្លឺ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវព្រះសីហនុ ទល់មុខវត្តមហាមន្ត្រី ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភំ្នពេញ។

បើតាមសម្ដីជនរងគ្រោះប្រុសស្រីទាំងបីនាក់សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ឲ្យអ្នកយកព័ត៌មានខ្មែរណូតដឹងថា នៅមុនកើតហេតុ ពួកគេបាននាំគ្នាមកចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិនៅហាងមួយកន្លែង លុះពេលចប់កម្មវិធី ពួកគេទាំងបីនាក់បានហៅកង់បីឥណ្ឌាពណ៌ស មួយគ្រឿង ដើម្បីជិះត្រលប់ទៅផ្ទះវិញ ដោយធ្វើដំណើរតាមផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិច មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួនពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក SONIC ពណ៌ខៀវ ពាក់ស្លាកលេខស្វាយរៀង 1B-5892 ឌុបគ្នាមកអែបខាងស្ដាំកង់បីឥណ្ឌា ហើយក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ Oppo F9 ពណ៌ខៀវ ពីដៃបុរសរងគ្រោះ ដែលជិះកង់បីឥណ្ឌាជាមួយនារី២នាក់ទៀត បានសម្រេច តែនៅពេលនោះបុរសម្ចាស់កង់បីឥណ្ឌា មើលឃើញតាមកញ្ចក់ ក៏បានបន្ថែមល្បឿនបើកបំបុកម៉ូតូរបស់ជនសង្ស័យឲ្យដួលតែម្ដង ភ្លាមនោះជនសង្ស័យបានស្ទុះងើបទៅលើកម៉ូតូបម្រុងជិះគេចខ្លួន តែត្រូវបានជនរងគ្រោះនិងអ្នកបើកកង់បី ចុះទៅប្រតាយប្រតប់គ្នាជាមួយក្រុមជនសង្ស័យ ដោយយកទូរស័ព្ទបានមកវិញ ហើយស្រែកឆោឡោ “ចោរៗ” ដើម្បីហៅគេឲ្យជួយ ធ្វើឲ្យជនសង្ស័យមានការភ័យស្លន់ស្លោរ នាំគ្នាដោះស្បែកជើង រត់គេចខ្លួនចោលម៉ូតូ ទៅតាមរបងវត្តមហាមន្ត្រី បាត់ស្រមោលឈឹង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរដែលឆ្លងកាត់កន្លែងកើតហេតុចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ផងដែរ។
ប្រភពប្រាប់ខ្មែរណូតទៀតថា បន្តិចក្រោយមកគេឃើញកម្លាំងល្បាតអាវុធហត្ថខណ្ឌបឹងកេងកង និងខណ្ឌ៧មករា មកដល់ចំណុចកើតហេតុ ធ្វើការសាកសួរជនរងគ្រោះ រួចលើកម៉ូតូរបស់ជនសង្ស័យ និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា លុះពេលជនរងគ្រោះធ្វើដំណើរតាមកង់បីឥណ្ឌា មកដល់ចំណុចមុខអូឡាំព្យា ច្រកចូលមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ស្រាប់តែកម្លាំងនគរបាលប៉ុស្តិ៍វាលវង់ បាននាំជនរងគ្រោះទៅកាន់ស្នាក់ការប៉ុស្តិ៍រដ្ឋបាលវាលវង់ដើម្បីសាកសួរ និងទទួលបណ្ដឹងផងដែរ ។ ទើបកម្លាំងអាវុធហត្ថខណ្ឌ៧មករា បានទៅហៅជនរងគ្រោះនៅស្នាក់ការប៉ុស្តិ៍វាលវង់ មកដាក់ពាក្យបណ្ដឹងនៅអាវុធហត្ថខណ្ឌ៧មករាវិញ ព្រោះម៉ូតូរបស់ជនសង្ស័យ និងទូរស័ព្ទរបស់ជនរងគ្រោះ កម្លាំងអាវុធហត្ថខណ្ឌបឹងកេងកង និងខណ្ឌ៧មករា បានយកទៅដល់មូលដ្ឋានអាវុធហត្ថខណ្ឌ៧មករាហើយ តែខាងនគរបាលប៉ុស្តិ៍វាលវង់ ប្រាប់មកវិញថា រងចាំបន្តិចសិន ព្រោះកំពុងធ្វើកំណត់ហេតុពាក្យបណ្ដឹងជនរងគ្រោះសិន ។
នៅពេលដែលកម្លាំងអាវុធហត្ថខណ្ឌ៧មករា យកម៉ូតូរបស់ជនសង្ស័យទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវនោះ កម្លាំងបានពិនិត្យមើលក្រោមកែបម៉ូតូរបស់ជនសង្ស័យ គឺមានបន្ទះស្លាកលេខម៉ូតូមួយគ្រឿងទៀត ដោយធ្វើការស្កែន QR Code ព័ត៌មានយានជំនះដែលបានចុះបញ្ជី ផ្លាកលេខភ្នំពេញ 1HR-9721 នេះ គឺបំពាក់លើម៉ូតូម៉ាក PAPTOR ZOOMER-X CKD ពណ៌ក្រហម ស៊េរីឆ្នាំ២០១៧ កម្លាំងម៉ាស៊ីន ១២៥CC ។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករាមួយទៀត ដើម្បីឲ្យកម្លាំងអាវុធហត្ថ ធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យនោះយកមកផ្ដន្ទាទោសតាមច្បាប់អោយខានតែបាន ។ ចំណែកឯទូរស័ព្ទរបស់ជនរងគ្រោះ ត្រូវបានអាវុធហត្ថខណ្ឌ៧មករា ប្រគល់ជូនជនរងគ្រោះវិញផងដែរ ៕

ដោយ៖ បងម៉េង ខ្មែរណូត