ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាសូរណាស់! ប្តីពិការខំប្រឹងតស៊ូប៉ះកង់ចិញ្ចឹមគ្រួសារ ស្រាប់តែប្រពន្ធកូនខ្ចី៤ខែដើរឆ្លងផ្លូវយកបាយឲ្យប្តីហូប ត្រូវរថយន្តបើកបុក បណ្តាលឲ្យបាក់ជើង ហើយរថយន្តបង្កគេចខ្លួនបាត់

    BY Khmernote Media December 25, 2020
    អាសូរណាស់! ប្តីពិការខំប្រឹងតស៊ូប៉ះកង់ចិញ្ចឹមគ្រួសារ ស្រាប់តែប្រពន្ធកូនខ្ចី៤ខែដើរឆ្លងផ្លូវយកបាយឲ្យប្តីហូប ត្រូវរថយន្តបើកបុក បណ្តាលឲ្យបាក់ជើង ហើយរថយន្តបង្កគេចខ្លួនបាត់

    រាជធានីភ្នំពេញ ៖ គួរឲ្យអាណិតណាស់លោកអើយ ប្តីពិការប្រកបរបរប៉ះកង់ ខណៈពេលប្រពន្ធកូនខ្ចី៤ខែ ដើរឆ្លងផ្លូវយកបាយអោយប្តីហូប បែរជាត្រូវរថយន្តមិនស្គាល់ម៉ាក បើកបុកប្រពន្ធបណ្តាលឲ្យដួលបោកនឹងថ្នល់ របួសបាក់ជើង ក្រោយមកគាត់ត្រូវបានប្រជាការពារហៅកង់បីដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ឥឡូវនេះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនបន្តមកសង្គ្រោះនៅមន្ទីរពេទ្យរុស្សីហើយ ចំណែកឯកូនអាយុ៤ខែត្រូវបានកម្លាំងប្រជាការពារខណ្ឌមានជ័យ យកទៅថែទាំសិននៅ និងអោយប៉ៅដោះប្រពន្ធប្រជាការពារសិនផងដែរ ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង០៨:២០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចជិតច្រកចូលក្រោយផ្សារក្រមួន ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    បើតាមសម្ដីបុរសជាប្ដីដែលជាជនពិការមានឈ្មោះ យូ ធី អាយុ៣៨ឆ្នាំ មុខរបរប៉ះកង់ មានស្រុកកំណើតនៅភូមិជើងទឹក ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង បានរៀបរាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា ប្រពន្ធរបស់គាត់មានឈ្មោះ យៀម ស្រីពៅ អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតភូមិកសិករ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត ស្នាក់នៅជាមួយគ្នានៅបន្ទប់ជួលមួយកន្លែងក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពួកគាត់ទាំងពីរនាក់ ចាប់ដៃគ្នាសាងជីវិតគូមកមានចំណងដៃកូនប្រុសម្នាក់ បច្ចុប្បន្នទើបតែអាយុ៤ខែប៉ុណ្ណោះ ស្នាក់នៅក្នុងបន្ទុកជាមួយគ្នា ។

    បើតាមបុរសជាប្ដីបន្តទៀតថា រូបគាត់ជាជនពិបាកបានតស៊ូពុះពារការលំបាក ដោយប្រកបរបរប៉ះកង់ នៅចំណុចមុខច្រកចូលក្រោយផ្សារក្រមួន កែងផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ លុះវេលាម៉ោងកើតហេតុ ប្រពន្ធរបស់គាត់ដែលទើបកូនខ្ចី៤ខែរួចហើយនោះ បានដើរឆ្លងផ្លូវដើម្បីយកបាយមកអោយគាត់ហូប ស្រាប់តែត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកមកបុកប្រពន្ធរបស់គាត់ បណ្តាលឲ្យដួលទៅនឹងថ្នល់ រងរបួសបាក់ជើង ហើយរថយន្តបង្កបានបន្ថែមល្បឿន បើករត់គេចបាត់ស្រមោល ។

    ក្រោយមកប្រពន្ធរបស់គាត់ត្រូវបានបុរសម្នាក់ដែលជាប្រជាការពារខណ្ឌមានជ័យ បានហៅកង់បីមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ តែដោយសារតែស្ថានភាពធ្ងន់គួរសម ទើបរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកជ័យជំនះ បានដឹកបញ្ជូនបន្តមកសង្គ្រោះនៅមន្ទីរពេទ្យរុស្សីវិញហើយ ។

    បងប្អូនក៏អាចជួយឧបត្ថម្ភគាត់ដោយផ្ទាល់ក៏បាន តាមរយៈលេខទូរស័ព្ទគាត់ទាំងពីរ 086372039 / 016277203 ដើម្បីចៀសវាសការក្លែងបន្លំបោកប្រាស់ ឬមានអ្នកយកទៅបង្ហោះបន្ត ដាក់លេខទូរស័ព្ទផ្សេងពីនេះ សូមមេត្តាសាកសួរ អោយបានច្បាស់លាស់ ឬទំនាងទំនងចុះទៅសួរសុខទុក្ខបាន គាត់ស្នាក់នៅមន្ទីរពេទ្យរុស្សី ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: