ជប៉ុនរកឃើញករណីជំងឺកូវីដ១៩ប្រភេទថ្មី នៅក្នុងប្រទេសរបស់ខ្លួន
ក្រសួងសុខាភិបាលប្រទេសជប៉ុនបានបញ្ជាក់ពីករណីឆ្លងជំងឺ COVID-19 ប្រភេទថ្មី ដែលត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស។ អ្នកជំងឺទាំង ៥នាក់ បានមកដល់នៅចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ មុនពេលប្រទេសជប៉ុនបង្កើនការត្រួតពិនិត្យព្រំដែននៅថ្ងៃសុក្រ ទី២៥ ខែធ្នូ សម្រាប់អ្នកដែលចូលមកពីប្រទេសអង់គ្លេស។ អ្នកជំងឺម្នាក់ក្នុងវ័យ ៦០ឆ្នាំ មានអាការៈអស់កម្លាំង ប៉ុន្ដែ ៤នាក់ទៀត គ្មានរោគសញ្ញាអ្វីឡើយ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Norihisa Tamura បាននិយាយថា អ្នកទាំង ៥នាក់ ត្រូវបានបញ្ជូនទៅដាក់ដាច់ដោយឡែកចេញពីព្រលានយន្ដហោះ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីពួកគេបានធ្វើតេស្តវជ្ជមានចំពោះជំងឺ COVID-19 ការវិភាគបន្ថែមដែលធ្វើឡើងនៅវិទ្យាស្ថានជាតិឆ្លងជំងឺបានកំណត់ថា ពួកគេមានផ្ទុកវីរុសដែលផ្ទុះឡើងនៅអង់គ្លេស ដែលប្រភេទនេះអាចចម្លងលឿនជាងមុន ៧០ ភាគរយ។ លោក Shigeru Omi ប្រធានក្រុមការងារទទួលបន្ទុករដ្ឋាភិបាល បានអំពាវនាវឱ្យមានការត្រួតពិនិត្យព្រំដែនតឹងរឹងដើម្បីការពារមេរោគថ្មីនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia