លួចកង់៣ពីភ្នំពេញ មកលាក់ទុកនៅផ្ទះសង្សារក្នុងខេត្តតាកែវជិត១ខែ ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន
ខេត្តតាកែវ៖ នៅថ្ងៃសៅរ៍ ១២កើតខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៦និង៣០នាទី ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក យ៉ុង ប៊ុនយ៉ុន អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្តិ៍រដ្ឋបាលពន្លៃ ឃាត់ខ្លួនជនសង្ស័យ ០១នាក់។

ដោយសង្ស័យមានឈ្មោះ ម៉ុច សុភារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅភូមិពន្លៃខាងត្បូង ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ពាក់ព័ន្ធអំពើលួចម៉ូតូកង់បី(ផាស់អាប់) ពណ៌ស ម៉ាកLPG ពាក់ផ្លាកលេខ ភ្នំពេញ 1GZ-0694 លេខតួ៖ 15378 លេខម៉ាស៊ីន៖ 47134 ស៊េរីឆ្នាំ2018។ សូមបញ្ជាក់ថាកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីទទួលបានព័ត៌មានពីមូលដ្ឋាន មានជនមិនស្គាល់អត្តសញ្ញាណបានជិះផាសអាប់ មកផ្ទះឈ្មោះ ហេង ណារី ភេទស្រី អាយុ២៦ឆ្នាំ ស្ថិតក្នុងភូមិពន្លៃខាងត្បូង ឃុំពន្លៃ ស្រុកអង្គរបូរី កម្លាំងជំនាញបានចុះធ្វើសាកសួរ តែជនសង្ស័យបានរត់គេចខ្លួនបាត់ (ដោយបន្សល់ទុកផាស់អាប់) រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ទើបឃាត់ខ្លួនជនសង្ស័យខាងលើខណៈបានលួចចូលមកមូលដ្ឋានឃុំពន្លៃម្តងទៀត។ តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឱ្យដឹងថា រូបខ្លួនបានលួចម៉ូតូកង់បី(ផាសអាប់)ខាងលើនៅចំណុចសំណង់១២ ស្ថិតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបានគេចមកស្នាក់នៅផ្ទះនារីខាងលើដែលត្រូវជាគូរកំណាន់ចិត្តទើបត្រូវនគរបាលឃាត់ខ្លួនបានតែម្តង។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ