ក្មេង៣នាក់ជិះម៉ូតូឌុបគ្នា ត្រូវអ្នករត់កង់បីឥណ្ឌាម្នាក់ធាក់មួយជើង រេចង្កូតទៅបុករថយន្ត CAMRY ខូចខាតយ៉ាងដំណំ និងរបួសរលាត់ដៃជើងទាំងបីនាក់ ហើយអ្នកបើកកង់៣គេចខ្លួនបាត់
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយក្មេងប្រុស៣នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ឌុបគ្នាមកលេងអ្នកស្គាល់គ្នា ក៏ត្រូវអ្នករត់កង់បីឥណ្ឌាធាក់មួយជើង បណ្ដាលឲ្យជ្រុលចង្កូតទៅបុករថយន្ត CAMRY មួយគ្រឿងរងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យយុវជនទាំងបីនាក់ រងរបួសរលាត់ដៃរលាត់ជើង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០:៣០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវលេខ២៨២ កែងផ្លូវលេខ៥៧ ទល់មុខផ្សារទំនើប AEON MaxValu Express ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យអ្នកយកព័ត៌មានខ្មែរណូតយើងដឹងថា មុនពេលកើតហេតុ គេបានឃើញក្មេងប្រុស៣នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FG-6160 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៧ ក្នុងទិសដៅពីត្បូងទៅជើង បំណងមកលេងអ្នកស្គាល់គ្នាដែលជាបុគ្គលិកធ្វើការនៅម៉ាតទល់មុខកន្លែងកើតហេតុ លុះពេលមកដល់ ស្រាប់តែមានបុរសម្នាក់ ដែលជាអ្នកបើកកង់បីឥណ្ឌា ពណ៌បៃតងមួយគ្រឿង ធាក់មួយជើងចំអ្នកបើកម៉ូតូ ក៏រេចង្កូតជ្រុលទៅបុកចំរថយន្តមួយគ្រឿង ម៉ាក CAMRY Hybrid ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2P-8779 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹង ទាំងមិនដឹងខ្លួន បណ្តាលឲ្យរងការខូចខាត និងរបួសរលាត់ដៃជើងទាំងបីនាក់ តែម្នាក់រងបួសធ្ងន់ជាងគេ ។
ក្មេងប្រុសទាំងបីនាក់អះអាងប្រាប់ថា ភ្លាមៗនោះក្រុមអ្នករត់កង់បីឥណ្ឌា ដែលកំពុងអង្គុយផឹកស៊ីនៅក្បែរនោះ មិនបានជួយលើកពួកគេទេ បែរជាមានអ្នកស្រែកចោទពួកគេថា “ចោរៗ” ថែមទៀតផង ទើបពួកគេបាននាំគ្នាស្ទុះរត់គេចខ្លួនសិន ដើម្បីទំនាក់ទំនងប្រាប់ឲ្យបុរសម្នាក់ដែលរាប់អានគ្នាជាបងប្អូននោះចេញមកជួយ តែក៏ត្រូវក្រុមអ្នករត់កង់បីខាងលើនោះ បើកកង់បីឥណ្ឌាទៅតាមឃាត់ពួកគេរួចដឹកមកវិញ បង្កការភ្ញាក់ផ្អើលពេញកន្លែងកើតហេតុ។ ភាគីខាងរថយន្តក៏បានប្រាប់ឲ្យពួកគេទំនាក់ទំនងទៅអ្នកផ្ទះឲ្យមកជួយដោះស្រាយសងការខូចខាតរថយន្តជាមុនសិន បើមិនដូច្នេះទេគាត់ប្រគល់អោយសមត្ថកិច្ចយកទៅរក្សាទុកដោះស្រាយពេលក្រោយហើយ ។ ទើបមួយសន្ទុះក្រោយមក ក៏មានឪពុកម្ដាយយុវជនម្នាក់ដែលរងរបួសរលាត់ដៃជើងធ្ងន់ជាងគេ បានមកដល់កន្លែងកើតហេតុ ហើយសួរនាំដំណើររឿងទើបដឹងថា បុរសម្នាក់ដែលជាអ្នកបើកកង់បីឥណ្ឌា ពណ៌បៃតងមួយគ្រឿង បានធាក់កូនរបស់គាង់កំពុងបើកម៉ូតូនោះមួយជើង បណ្ដាលឲ្យរេចង្កូតជ្រុលទៅបុករថយន្តគេតែម្ដង ។
ដែលអ្នកបើកកង់បីឥណ្ឌានោះ ត្រូវបានគេថតវិដេអូបានភិនភាគមុខមាត់និងកង់បីឥណ្ឌា បន្ទាប់ពីធាក់គេហើយក៏បានដឹកភ្ញៀវម្នាក់ចេញពីកន្លែងកើតហេតុបាត់ទៅ ដោយមានដាក់លេខសម្គាល់ PassApp : P39021 និងលេខសម្គាល់មួយទៀត SV-10-9159 របស់ក្រុមហ៊ុន Grab ។
ក្រោយកើតហេតុអ្នកបើកកង់បីដេញវាយក្មេងនោះក៏គេចខ្លួនបាត់ ហើយអាណាព្យាបាលនិងឪពុកម្ដាយក្មេងទាំងបីនាក់នោះ មិនបានទៅដាក់ពាក្យបណ្ដឹងអ្វីឡើយ ហើយសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ចំណុចកើតហេតុ អោយភាគីទាំងសងខាងសម្របសម្រួលគ្នាមួយជំហានសិន តែភាគីខាងរថយន្តនៅតែអោយម្ចាស់ម៉ូតូរកលេខទូរស័ព្ទសាច់ញាតិដើម្បីទាក់ទងអោយមកដោះស្រាយសិន លុះពេលម្ដាយឪពុកក្មេងៗមកដល់ គ្មានលទ្ធភាពសងទៅម្ចាស់រថយន្ត ទើបប្រគល់ឲ្យសមត្ថកិច្ចទាក់ទងជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមច្បាប់៕


ដោយ៖ បងម៉េង ខ្មែរណូត