ចិនដីគោករកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ២៤ករណី ដោយក្នុងនោះមាន ៧ករណី ជាករណីក្នុងសហគមន៍
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN បានឱ្យដឹងថា គណៈកម្មការសុខាភិបាលជាតិបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិនដីគោកកាលពីថ្ងៃអង្គារបានកត់ត្រាករណីជំងឺ COVID-19 ក្នុងស្រុកចំនួន ៧ករណី និងករណីនាំចូលមកពីបរទេសចំនួន ១៧ករណី។ ក្នុងនោះមានករណីក្នុងស្រុកចំនួន ៥ ត្រូវបានគេរាយការណ៍នៅក្នុងខេត្ត Liaoning, ១ នៅទីក្រុងប៉េកាំង និង ១ នៅខេត្តហីឡុងជាំង ភាគឦសាននៃប្រទេសចិន។

ករណីជំងឺ COVID-19 មិនចេញរោគសញ្ញាថ្មីចំនួន ១៧ករណី ក៏ត្រូវបានកត់ត្រាផងដែរ ខណៈអ្នកជំងឺមិនចេញរោគសញ្ញាចំនួន ២៦៩នាក់ នៅតែស្ថិតក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រនៅឡើយ។ មិនមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ត្រូវបានចុះបញ្ជីទេកាលពីថ្ងៃអង្គារ ហើយទន្ទឹមនឹងនេះមានអ្នកជំងឺចំនួន ១៦នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ។ គិតមកទល់ពេលនេះចំនួនសរុបនៃករណី COVID-19 ដែលបានបញ្ជាក់នៅក្នុងប្រទេសចិនបានកើនឡើងដល់ ៨៧,០២៧នាក់ ហើយចំនួនអ្នកស្លាប់មានចំនួន ៤,៦៣៤ នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN