សង្គម

របាយការណ៍សមត្ថកិច្ចបញ្ជាក់ពី ដំណើររឿងលំអិត មុនឈានដល់ការបាញ់ប្រហារនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្លាប់ ព្រោះរឿងគ្រោះថ្នាក់ចរាចរណ៍បុកគូទឡានបន្តិច

BY
Sovann
December 30, 2020

ករណីគ្រោះថ្នាក់ចរាចរណ៍ឈានដល់ការបាញ់សម្លាប់មនុស្សនៅមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញកាលពីយប់ថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ យប់មិញនេះបានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយជនដៃដល់ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បានដកកាំភ្លើងខ្លីបាញ់ប្រហារជនរងគ្រោះដោយមិនញញើតដៃ។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចមូលដ្ឋានបានរៀបរាប់ពីដំណើររឿងមុនឈានដល់ការបាញ់សម្លាប់មនុស្សយ៉ាងព្រៃផ្សៃ បានអោយដឹងថា ដំបូងឡើយជនរងគ្រោះដែលជាមន្ត្រីនគរបាលមានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចេញពីហូបស៊ុបនៅម្តុំវត្តភ្នំជាមួយឈ្មោះ ង៉ាន់ ភីលីន។ ហើយជនរងគ្រោះក៏បានបើករថយន្តម៉ាក Ford F-150 Raptor ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BD-3738 ដោយឈ្មោះ ង៉ាន់ ភីលីន រួមដំណើរជាមួយ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ពីកើតមកលិច ពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាក Lexus RX300 ពាក់ផ្លាកលេខ សៀមរាប 2A-4546 ជិះនៅក្នុងរថយន្តមានគ្នាចំនួន៥នាក់ ប្រុស២នាក់ ស្រី២នាក់ និងក្មេងតូចម្នាក់ បានមកបុកពីក្រោយរថយន្តជនរងគ្រោះបណ្តាលអោយខូចខាតផ្នែកឆ្វេង ចំណែករថយន្តជនដៃដល់ ខូចខាតផ្នែកខាងស្តាំខាងមុខ។

ពេលនោះជនរងគ្រោះបើករថយន្តបាំងពីមុខរថយន្ត Lexus RX300 រួចដកអាវុធខ្លីម៉ាក Glock 19 លេខ AALU204 ភ្ជង់ទៅលើរថយន្ត Lexus RX300 ក្នុងគោលបំណងមិនអោយបើកគេចខ្លួន បន្ទាប់មកជនបង្កទាំង២នាក់ ក៏បានចុះមកចរចារជាមួយជនរងគ្រោះ ដោយព្រមព្រៀងយករថយន្ត Ford F150 Raptor ទៅជួសជុលនៅម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ហើយក៏បានបើករថយន្តមកអែបខាងទាំងអស់គ្នា ពេលនោះមនុស្សស្រី២នាក់ និងក្មេងតូចម្នាក់ បានជិះ PassApp ចេញពីកន្លែងកើតហេតុទៅមុន។ ចំណែកជនរងគ្រោះនិងឈ្មោះ ង៉ាន់ ភីលីន អង្គុយមើលរថយន្ត Ford F150 Raptor ដែលខូចខាត ក៏ស្រាប់តែជនល្មើសទាំង២នាក់ ដែលជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ បានដកអាវុធខ្លីមិនស្គាល់ម៉ាកពណ៌ទឹកប្រាក់ បាញ់សំដៅជនរងគ្រោះពីក្រោយចំនួន៤គ្រាប់បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ ចំណែកជនល្មើសទាំង២នាក់បានបើករថយន្ត Lexus RX300 ឆ្ពោះទៅទិសខាងលិចតាមផ្លូវសហព័ន្ធរុស្សីគេចខ្លួន ហើយឈ្មោះ ង៉ាន់ ភីលីន បានស្ទុះមកមើលជនរងគ្រោះហើយដកអាវុធខ្លី របស់ជនរងគ្រោះពីក្នុងហោប៉ៅខាងស្តាំបាញ់ចំនួន៣គ្រាប់ឡើងទៅលើ។ បច្ចុប្បន្ន រថយន្ត Ford F150 Raptor ត្រូវបានបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងអាវុធខ្លី Glock របស់ជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យជាបណ្តោះអាសន្ន ហើយជនដៃដល់សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

Share This Post: