ថ្ងៃនេះ ថៃរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន ២៥០នាក់ទៀត និងរាលដាលដល់ខេត្ត-ក្រុង៤៨ទូទាំងប្រទេស
យោងតាមការចុះផ្សាយពីសារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឲ្យដឹងថា ប្រទេសថៃរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ២៥០ករណី នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ ដោយក្នុងនោះមាន ២៤១ករណី ជាករណីក្នុងស្រុក, ៨នាក់ ជាករណីនាំចូល និង ១ផ្សេងទៀត ជាជនចំណាកស្រុកភូមាខុសច្បាប់ ដែលនាំឱ្យករណីសរុបកើនឡើងដល់ ៦,៦៩០នាក់។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 បាននិយាយថា ក្នុងចំណោមពួកគេមានមនុស្ស ៩នាក់ បានជាប់ទាក់ទងនឹងខេត្តសាមុតសាខន។

ក្នុងចំណោមករណីក្នុងស្រុកសរុប ៦ ៦៩០ ករណី មានករណីចំនួន ៤ ២១២ (៦២.៩%) ត្រូវបានារំសាយ និង ២ ៤១៧ ករណី កំពុងទទួលការព្យាបាល។ ចំនួនអ្នកស្លាប់មិនមានការផ្លាស់ប្តូរទេ គឺនៅតែមានចំនួន ៦១នាក់ ដដែល។ ហើយគិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែធ្នូ ករណីជំងឺ COVID-19 ត្រូវបានរាយការណ៍បានរាលដាលដល់ខេត្ត-ក្រុងចចំនួន ៤៨ ពីទូទាំងប្រទេស។ នៅទូទាំងពិភពលោកករណីជំងឺ COVID-19 បានកើនឡើងចំនួន ៦១១ ៧១៧ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នាំឱ្យករណីសរុបមានដល់ ៨២.៣២ លានករណី ខណៈចំនួនអ្នកស្លាប់គឺមានសរុប ១.៨០ លាននាក់៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍