ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថ្ងៃអាទិត្យ ម្សិលមិញ ថៃបានរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ចំនួន ៣១៥ករណីបន្ថែមទៀត

    BY autoadmin January 4, 2021
    ថ្ងៃអាទិត្យ ម្សិលមិញ ថៃបានរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ចំនួន ៣១៥ករណីបន្ថែមទៀត

    ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យទី៣ មករា ឆ្នាំ ២០២១ ម្សិលមិញនេះប្រទេសថៃបានរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ចំនួន ៣១៥ករណីបន្ថែមទៀត តែគ្មានករណីអ្នកស្លាប់ថ្មីនោះទេ។ ប្រភពខាងលើបានបន្តថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់ខាងលើនេះមាន ២៩៤ គឺជាករណីចម្លងនៅក្នុងសហគមន៍ ដោយក្នុងនោះមាន ២៧៤ ករណីបានកើតឡើងចំពោះពលរដ្ឋថៃ និង ២០ ករណីផ្សេងទៀតបានកើតឡើងចំពោះក្រុមពលករចំណាកស្រុកហើយក្នុងនោះមាន ១៧ ករណីកើតមានចំពោះក្រុមពលករនៅក្នុងខេត្តសាមុតសាខន និង ៣ ករណីកើតចំពោះក្រុមពលករនៅក្នុងខេត្តណុនប៊ូរី។

    បើតាមលោក Taweesilp Visanuyothin ដែលជាអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ បានឲ្យដឹងថា ដោយសង្កេតឃើញករណីចម្លងជំងឺនៅក្នុងសហគមន៍កើនឡើងជាបន្តបន្ទាប់ដូចនេះអាជ្ញាធរថៃគ្រោងនឹងដាក់ចេញនូវវិធានការតឹងរឹងមួយចំនួនដូចជាហាមពលរដ្ឋមិនឲ្យចេញទៅញ៉ាំអាហារនៅតាមភោជនីយដ្ឋាន និងផ្អាកកន្លែងកម្សាន្តឬកន្លែងផ្តល់សេវាកម្មណាដែលសូវមិនចាំបាច់មួយរយៈសិន តែអាជ្ញាធរនៅមិនទាន់សម្រេចបិទប្រទេសទាំងស្រុងនៅឡើងទេព្រោះវាអាចប៉ះពាល់ខ្លាំងចំពោះសកម្មភាពអាជីវកម្មនិងសេដ្ឋកិច្ចជាតិ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះថៃមានចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៧ ៦៩៤ ករណី និងស្លាប់ចំនួន ៦៤​ ករណី៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: