ប្រទេសថៃកត់ត្រាករណីជំងឺកូវីដ១៩ថ្មីចំនួន ២៨៧ករណី នៅថ្ងៃអង្គារនេះ ដោយក្នុងនោះមាន ២៧៨ករណី ជាការចម្លងក្នុងសហគមន៍
ប្រទេសថៃនៅថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ចំនួន ២៨៧ករណី ដោយក្នុងនោះមាន ២៧៨ករណី ជាការចម្លងនៅក្នុងសហគមន៍ ដែលធ្វើឱ្យចំនួនសរុបចាប់តាំងពីជំងឺ COVID-19 បានបង្ហាញខ្លួននៅប្រទេសថៃជាលើកដំបូងនៅខែមករា ឆ្នាំ២០២០ កើនឡើងដល់ ១០,៨៣៤ ករណី។ គ្មានអ្នកស្លាប់ថ្មីត្រូវបានគេរាយការណ៍នោះទេ ដែលនាំឱ្យចំនួនអ្នកស្លាប់មាន ៦៧នាក់ ដដែល។

ក្នុងចំណោមករណីថ្មីៗទាំង ២៨៧ មានករណីចំនួន ១៥៣ ត្រូវបានរកឃើញតាមរយៈការធ្វើតេស្ដរកជំងឺធម្មតា, ករណីចំនួន ១២៥ គឺតាមរយៈការស្វែងអ្នកមានទំនាក់ទំនងជាមួយករណីមុន និង ៩ ករណី ជាករណីនាំចូល ដែលត្រូវបានដាក់ដាច់ដោយឡែកពេលមកដល់ប្រទេសថៃ។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាព COVID-19 បាននិយាយថា មានករណីថ្មីចំនួន ២៧៨ គឺជាការចម្លងតាមមូលដ្ឋាន ហើយបណ្តាខេត្តដែលរងការវាយប្រហារខ្លាំងដោយរលកនៃជំងឺ COVID-19 កំពុងរាយការណ៍អំពីអ្នកជំងឺថ្មីៗបន្ថែមទៀត។
វេជ្ជបណ្ឌិតលោក Taweesilp បាននិយាយផងដែរថា ក្នុងចំណោមករណីសរុបទាំង ១០ ៨៣៤ ករណី មានអ្នកជំងឺចំនួន ៦ ៧៣២ បានជាសះស្បើយ ហើយក្នុងនោះមាន ១៦៦នាក់ ត្រូវបានរំសាយចេញក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ និង ៤ ០៣៥ នាក់ កំពុងទទួលការព្យាបាល ដោយក្នុងនោះមានអ្នកជំងឺ ២៨នាក់ មានស្ថានភាពជំងឺធ្ងន់ធ្ងរ៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍