ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៧១នាក់បន្ថែមទៀត និងស្លាប់២នាក់ផងដែរ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Pattaya News បានឱ្យដឹងថា ប្រទេសថៃបានរកឃើញករណីឆ្លងជំងឺ COVID-19 នៅក្នុងសហគមន៍ចំនួន ២៥៩ករណី ក្នុងចំណោមករណីថ្មីចំនួន ២៧១ ដែលត្រូវបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។ ក្នុងនោះក៏មានការស្លាប់ចំនួន ២នាក់ បន្ថែមទៀត ដែលនាំឱ្យចំនួនស្លាប់មានដល់ ៦៩នាក់ និងចំនួនឆ្លងសរុបចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 កើនឡើងដល់ ១១,២៦២ ករណី។

អ្នកស្លាប់ទី១ គឺជាជនជាតិអង់គ្លេសអាយុ ៧១ឆ្នាំ ដែលគាត់គឺមានជំងឺមហារីក និងជំងឺប្រចាំកាយផ្សេងទៀត ខណៈដែលអ្នកស្លាប់ម្នាក់ទៀតគឺជាបុរសជនជាតិថៃអាយុ ៥៣ឆ្នាំ ដែលគាត់បានធ្វើដំណើរទៅតាមខេត្តមានហានិភ័យខ្ពស់ជាមួយនឹងការចម្លងជំងឺ COVID-19 ហើយបានធ្លាក់ខ្លួនកើតជំងឺរលាកសួត នៅពេលដែលបានឆ្លងជំងឺ COVID-19។ គិតមកដល់ពេលនេះប្រទេសថៃមានអ្នកជំងឺសរុប ១១,២៦២ នាក់ ដោយមាន ៣,៥៣៣ នាក់ ជាករណីសកម្ម និង ៧,៦៦០ នាក់ បានជាសះស្បើយ៕

អត្ថបទ៖ លីដា
ប្រភព៖ The Pattaya News