ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចិនរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីច្រើនជាង ១០០ករណី ជិតមួយសប្ដាហ៍មកហើយ ដែលបង្កការព្រួយបារម្ភពីរលកថ្មី ខណៈថ្ងៃចូលឆ្នាំចិនជិតមកដល់

    BY autoadmin January 18, 2021
    ចិនរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីច្រើនជាង ១០០ករណី ជិតមួយសប្ដាហ៍មកហើយ ដែលបង្កការព្រួយបារម្ភពីរលកថ្មី ខណៈថ្ងៃចូលឆ្នាំចិនជិតមកដល់

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសចិនមានករណីជំងឺ COVID-19 ច្រើនជាង ១០០ ករណីក្នុងមួយថ្ងៃ រយៈពេល ៦ថ្ងៃ ជាប់ៗគ្នាមកហើយ ជាមួយនឹងការកើនឡើងនៃការឆ្លងនៅតំបន់ភាគឦសាន ដែលបង្កការព្រួយបារម្ភពីរលកថ្មីមួយទៀត មុនពេលរដូវវិស្សមកាលចូលឆ្នាំថ្មីខាងមុខនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍សម្រាប់ថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ បាននិយាយថា ករណីចំនួន ១០៩ ត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ ដោយមាន ៩៣នាក់ ជាករណីក្នុងសហគមន៍ ហើយករណីចំនួន ៥៤ ក្នុងចំណោមនោះ គឺត្រូវបានរកឃើញនៅក្នុងខេត្តហេប៉ី ដែលនៅជិតទីក្រុងប៉េកាំង។

    ខេត្តជីលីនភាគឦសានក៏បានរាយការណ៍នូវករណីថ្មីចំនួន ៣០ ដែលបញ្ជាក់ពីហានិភ័យនៃការកើនឡើងនៃក្រុមថ្មី។ ការកើនឡើងនៃករណីជំងឺ COVID-19 ដើមឆ្នាំនេះ បានក្លាយជាបញ្ហាប្រឈមរបស់ប្រទេសចិន ប៉ុន្តែអាជ្ញាធរកំពុងអនុវត្តវិធានការដ៏តឹងរ៉ឹងនានា រួមទាំងការបិទទ្វារមនុស្សជាង ២៨ លាននាក់ ក្នុងគោលបំណងដើម្បីការពារប្រទេសទាំងមូលពីការផ្ទុះករណីក្នុងចំនួនច្រើនបន្ថែមទៀត។ ជាក់ស្ដែងទីក្រុងប៉េកាំងនឹងចាប់ផ្តើមតម្រូវឱ្យអ្នកដំណើរមកពីបរទេស ឆ្លងកាត់ការត្រួតពិនិត្យសុខភាពរយៈពេល ៧ថ្ងៃ បន្ទាប់ពីការតាមដានសុខភាពរយៈពេល ២១ថ្ងៃ។

    ចំណែកចំនួនអ្នកជំងឺដែលមិនចេញរោគសញ្ញា (asymptomatic) ក៏ត្រូវបានរកឃើញ ១១៥ ករណីបន្ថែមទៀត ដែលចុះថយពី ១១៩ ករណីកាលពីថ្ងៃមុន ប៉ុន្តែយ៉ាងណាប្រទេសចិនមិនរាប់បញ្ចូលអ្នកជំងឺដែលមិនចេញរោគសញ្ញាទៅក្នុងបញ្ជីផ្លូវការនោះទេ។ គួរឱ្យដឹងដែរថា រហូតមកទល់នឹងពេលនេះប្រទេសចិនមានករណីជំងឺ COVID-19 សរុបចំនួន ៨៩,៣៣៦ ករណី និងមានអ្នកស្លាប់សរុប ៤,៦៣៥ នាក់ ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: