កូវីដ-១៩

ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក ពេលនេះកើនសរុបដល់ជាង ១០០ លាននាក់ហើយ

BY
autoadmin
January 27, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា គិតមកទល់ពេលនេះចំនួនអ្នកឆ្លងជំងឺ COVID-19 បានកើនឡើងដល់ជាង ១០០ លាននាក់នៅទូទាំងពិភពលោក។ ទិន្នន័យដែលបានចងក្រងដោយសាកលវិទ្យាល័យចនហបគីនស៍បង្ហាញថា តួលេខបានកើនឡើងដល់ ១០០ ០៦៣ ៧០៧ គិតត្រឹមម៉ោង ២១ និង ៣០ នាទី (UTC) កាលពីថ្ងៃអង្គារ។ បើនិយាយពីតាមតំបន់ ទ្វីបអាមេរិកមានចំនួនជាង ៤០% នៃចំនួនសរុប ដោយមានករណីជាង ៤០ លានករណី។

សហរដ្ឋអាមេរិកដែលមានការឆ្លងដ៏ច្រើនបំផុតបានរាយការណ៍ថា ខ្លួនបានកត់ត្រាករណីថ្មីប្រហែលជា ១៧០,០០០ ករណី ជារៀងរាល់ថ្ងៃក្នុងមួយសប្តាហ៍កន្លងមកនេះ។ ឥឡូវនេះកិច្ចខិតខំប្រឹងប្រែងចាក់ថ្នាំបង្ការជំងឺ COVID-19 ក៏កំពុងដំណើរការជាចម្បងនៅក្នុងប្រទេសអភិវឌ្ឍន៍ផងដែរ ដើម្បីឈានទៅរកជីវិតជាធម្មតាវិញក្នុងពេលឆាប់នេះ។

ទិន្នន័យជាសកលដែលចងក្រងដោយ Our World in Data ដែលជាគេហទំព័រមួយ គ្រប់គ្រងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford បង្ហាញថា វ៉ាក់សាំងប្រហែល ៦៩ លានដូស ត្រូវបានចែកចាយទៅទូទាំងពិភពលោកគិតត្រឹមថ្ងៃអង្គារ។ ក្នុងនោះមានមនុស្សប្រមាណ ៦៣ លាននាក់ បានទទួលយ៉ាងហោចណាស់មួយដូសរួចហើយ ប៉ុន្តែយ៉ាងណាចំនួននេះនៅមានកំណត់សម្រាប់ពលរដ្ឋទូទៅនៅឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: