5យ៉ាងដែលអ្នកកំពុងបំផ្លាញគុណភាពថ្មរបស់ iPhone រាល់ថ្ងៃដោយមិនដឹងខ្លួន
- July 13, 2018
គុណភាពនៃថាមពលថ្ម គឺជាចំណុចដ៏សំខាន់មួយក្នុងចំណោមចំណុចដទៃទៀតដែលមាននៅលើ iPhone ហើយតម្រូវឲ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន។ ជាការពិតណាស់ ប្រសិនបើ iPhone អស់ថ្មគឺមិនខុសអីពីដុំថ្មមួយដុំឡើយ ដូចនេះអ្នកគប្បីរក្សាថាមពលថ្មឲ្យប្រើប្រាស់បានយូរ ទើប iPhone ក្លាយទៅជាស្មាតហ្វូនដែលមានប្រយោជន៍។

សម្រាប់សកម្មភាពនៃការប្រើប្រាស់ iPhone ប្រចាំថ្ងៃ អ្នកអាចនឹងមិនដែលចាប់អារម្មណ៍សោះថា មានចំណុចខ្លះគឺកំពុងធ្វើឲ្យថាមពលថ្មខូច ទាំងអ្នកមិនដឹងខ្លួនសោះ។ ខាងក្រោមនេះ គឺជាចំណុចធំៗទាំង5 ដែលអ្នកប្រើប្រាស់ iPhone ភាគច្រើនតែងមើលរំលង និងបន្ដសកម្មភាពនេះជារៀងរាល់ថ្ងៃ៖
1/ មិនដែលបិទ iPhone សោះ
សម្រាប់មុខងារ Hard Reset អាចនិយាយបានថាជាវិធីងាយស្រួលបំផុតមួយក្នុងការបង្ខំឲ្យ iPhone បិទ រឺ Restart ពេលកំពុងគាំងមិនដំណើរការ។ ប៉ុន្ដែថ្វីបើ iPhone របស់អ្នកមិនដែលគាំងសោះ ចឹងអ្នកក៏នឹងមិនដែលបិទវាដែរ។ គួរបញ្ជាក់ផងដែរថា ការបើកស្មាតហ្វូនជាប់រហូត 24/7 អាចបង្ករជាបញ្ហាមួយចំនួនដល់ថាមពលថ្ម។ ដូចនេះជាការល្អ អ្នកគួរឧស្សាហ៍បិទខ្លះទៅដើម្បីឲ្យថ្មមានពេលសម្រាកខ្លះ។

2/ ប្រើ iPhone ក្នុងពេលអាកាសធាតុប្រែប្រួលខ្លាំង
ការផ្លាស់ប្ដូរសីតុណ្ហាភាពពីក្ដៅ ទៅត្រជាក់ភ្លាមៗ ក៏អាចប៉ះពាល់ដល់គុណភាពនៃថាមពលថ្មដែរ។ សម្រាប់សីតុណ្ហាភាពក្ដៅ គឺអាចធ្វើឲ្យថ្ម iPhone ឆាប់ខូច រឺខូចតែម្ដង។ ផ្ទុយទៅវិញ ជាមួយនឹងសីតុណ្ហាភាពត្រជាក់ខ្លាំង គឺអាចធ្វើឲ្យ iPhone គាំង រឺមិនដំណើរការបាន។ ដូចនេះ ដើម្បីរក្សាគុណភាពថ្មឲ្យបានល្អប្រើប្រាស់បានយូរ អ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់រាល់ពេលឆ្លងកាត់ការផ្លាស់ប្ដូរអាកាសធាតុខ្លាំង ដូចជាចូលបន្ទប់ទឹកងូតទឹកជាដើម។ មួយវិញទៀត អ្នកមិនត្រូវយក iPhone ចូលទៅក្នុងបន្ទប់សូណាជាដាច់ខាត។

3/ ប្រើមុខងារសាកថ្មឥតខ្សែញឹកញាប់ពេក
សម្រាប់ iPhone X, iPhone 8 និង iPhone 8 Plus គឺមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មឥតខ្សែ ដែលតម្រូវឲ្យអ្នកប្រើប្រាស់យក iPhone ទាំងនោះទៅដាក់លើបន្ទះសាកប៉ុណ្ណោះ។ យោងតាមគេហទំព័រ ZDNet បានលើកឡើងថា បច្ចេកវិទ្យាសាកថ្មឥតខ្សែ គឺអាចបញ្ចូលថ្មឲ្យ iPhone បានលឿនជាងធម្មតា ប៉ុន្ដែស្របពេលជាមួយនឹងល្បឿនលឿននេះ វាក៏អាចប៉ះពាល់ដល់អាយុកាល និងគុណភាពនៃថាមពលថ្មដូចគ្នាដែរ។

4/ សាកថ្មជាមួយនឹងខ្សែសាកខូច រឺចាស់ពេក
ការប្រើប្រាស់ខ្សែសាកដែលខូច រឺចាស់ មិនត្រឹមតែធ្វើឲ្យគុណភាពថ្មខ្សោយនោះទេ ប៉ុន្ដែអាចបង្ករគ្រោះថ្នាក់ថែមទៀតផង។ ដូចនេះ អ្នកគួរតែផ្លាស់ប្ដូរថ្មីប្រសិនបើខ្សែដែលកំពុងប្រើខូច រឺចាស់ហើយ។

5/ ប្រើក្បាលឆ្នាំងសាកដែលគ្មានគុណភាព រឺមានតម្លៃថោក
ការជ្រើសរើសប្រើប្រាស់ផលិតផលកូពី អាចជាវិធីមួយក្នុងការសន្សំលុយ ប៉ុន្ដែប្រសិនបើថ្ម iPhone ខូច នោះរឿងកាន់តែធំជាងមុនទៅទៀត។ គួរបញ្ជាក់ផងដែរថា ខ្សែឆ្នាំសាកដែលមិនមែនជារបស់ក្រុមហ៊ុន អាចនឹងមិនត្រូវបានផលិតឡើងតាមស្ដង់ដារ ហើយមិនត្រូវមួយរយភាគរយជាមួយនឹងរន្ធសាក ដូចនេះវាអាចធ្វើឲ្យជើងសាកថ្មខូច។ សម្រាប់ការប្រើប្រាស់ដុំសាក ក៏ដូចគ្នាដែរ។ ពេលខ្លះការបញ្ជូនថាមពលថ្មចូលថ្មមិនបានត្រឹមត្រូវ ហើយយឺតក៏ជាមូលហេតុធ្វើឲ្យគុណភាពថ្មខូចដែរ។

Fu
ប្រភព៖ idropnews
- Share This Post:






