កូវីដ-១៩

ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៨១៩នាក់ទៀត ដោយក្នុងនោះមាន ៨០៨នាក់ ជាការចម្លងក្នុងសហគមន៍

BY
autoadmin
January 27, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា រដ្ឋាភិបាលថៃនៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ បានរាយការណ៍អំពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៨១៩ករណី និងការស្លាប់ថ្មីបន្ថែម ១នាក់ ។ ក្នុងចំណោមករណីថ្មីៗទាំងអស់មាន ៨០៨ករណី ជាការចម្លងក្នុងសហគមន៍ និង ១១ ករណី ជាករណីនាំចូលពីបរទេស។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 បាននិយាយថា អ្នកស្លាប់ចុងក្រោយគឺជាបុរសជនជាតិថៃម្នាក់ ដែលមានអាយុ ៥៦ ឆ្នាំ គាត់មានជំងឺដាច់សរសៃឈាមខួរក្បាល ហើយជាអ្នកជំងឺឈឺសម្រាកនៅលើគ្រែ។

ក្នុងចំណោមករណីថ្មីទាំង ៨១៩ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានករណីចំនួន ៧១៦ ត្រូវបានរកឃើញតាមរយៈការស្វែងរកករណីសកម្មនៅក្នុងសហគមន៍ ហើយ ៩២ ករណី ត្រូវបានរកឃើញពីការពិនិត្យតាមមន្ទីរពេទ្យ។ ចាប់តាំងពីមានវត្តមាននៃជំងឺ COVID-19 ប្រទេសថៃមានករណីសរុបរហូតដល់ទៅ ១៥ ៤៦៥ ករណី ដោយមានអ្នកជំងឺ ១១ ០៥៤ នាក់ បានជាសះស្បើយ ខណៈមនុស្សចំនួន ៤,៣៣៥ នាក់ កំពុងទទួលការព្យាបាល និងចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧៦ នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: