កូវីដ-១៩

ករណីជំងឺកូវីដ១៩ក្នុងសហគមន៍បានផ្ទុះឡើងសារជាថ្មីនៅវៀតណាម ដោយត្រឹមតែរយៈពេល២ថ្ងៃចុងក្រោយនេះ មានករណីជំងឺកូវីដ១៩សរុបដល់ ៩៣ ករណី

BY
autoadmin
January 29, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា វៀតណាមបានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ៩ ករណី នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១ ខណៈការផ្ទុះឡើងសារជាថ្មីនៅក្នុងសហគមន៍ ជាលើកដំបូងក្នុងរយៈពេល២ខែនេះ កំពុងវាយប្រហារដល់ទីក្រុងហាណូយ។ ក្រសួងសុខាភិបាលបាននិយាយថា ករណីថ្មីចុងក្រោយនេះរួមមាន ១ ករណី នៅទីក្រុងហាណូយ និង ៨ ករណី នៅខេត្តហៃហ្វុង ហៃដុង ក្វាងនិញ និងខេត្តបាក់នីញ នាំឱ្យចំនួនករណីក្នុងសហគមន៍ដែលបានផ្ទុះឡើងគិតត្រឹមថ្ងៃព្រហស្បតិ៍ មានសរុបដល់ ៩៣ ករណី។

ក្រសួងបាននិយាយថាខ្លួនកំពុងបន្ដវិភាគលើហ្សែននៃជំងឺ ដើម្បីកំណត់ថាតើអ្នកជំងឺថ្មីៗទាំងនេះបានឆ្លងវីរុសប្រភេទថ្មី ឬអត់។ ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គឺជាថ្ងៃដំបូងដែលវៀតណាមបានរកឃើញការផ្ទុះឡើងវិញនៃជំងឺ COVID-19 នៅក្នុងសហគមន៍ ជាមួយនឹងករណីចំនួន ៨៣ ត្រូវបានបញ្ជាក់។ អាជ្ញាធរបានបង្កើនការធ្វើតេស្ដរកជំងឺ COVID-19 និងតាមដានអ្នកដែលមានទំនាក់ទំនង ដោយរំពឹងថានឹងអាចធ្វើតេស្ដលើពលរដ្ឋចំនួន ១០ ០០០ នាក់ក្នុងមួយថ្ងៃ ហើយក៏បានដាក់ការរឹតត្បឹតតំបន់មានហានិភ័យខ្លាំងផងដែរ។

ជម្រាបដែរថាចំនួនករណីសរុប ដែលត្រូវបានកត់ត្រាចាប់តាំងពីជំងឺ COVID-19 ត្រូវបានគេរកឃើញដំបូងនៅប្រទេសវៀតណាមកាលពីមួយឆ្នាំមុន ពេលនេះបានកើនឡើងដល់ ១ ៦៥១ ករណី រួមទាំងករណីនាំចូល ខណៈមានមនុស្សចំនួន ៣៥នាក់ បានស្លាប់ ដែលភាគច្រើគឺពួកគេមានជំងឺប្រចាំកាយស្រាប់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: